ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    រថយន្តLEXUS បើកដេញបុកបុរសម្នាក់កំពុងជិះម៉ូតូ បោកផ្ទប់នឹងបង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល

    BY Khmernote Media February 19, 2021
    រថយន្តLEXUS បើកដេញបុកបុរសម្នាក់កំពុងជិះម៉ូតូ បោកផ្ទប់នឹងបង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្តរត់គេចខ្លួនបាត់ស្រមោល

    រាជធានីភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ដោយមានរថយន្តមួយគ្រឿង ម៉ាក LEXUS 400h ពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ 2AK-6418 បើកដេញបុកបុរសម្នាក់កំពុងជិះម៉ូតូ Smash Revo បោកផ្ទប់បង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបើករត់គេចខ្លួនបាត់ស្រមោល។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនេះបានកើតឡើង កាលពីវេលាម៉ោង០៩៖០៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅគ្លីនិកមួយកន្លែងយីហោ បន្ទប់ពិគ្រោះព្យាបាលជម្ងឺ ពន្លឺថ្មីលើផ្លូវបេតុងលេខ៦៩BT ខាងជើងវត្តតំបូកខ្ពស់១៥០ម៉ែត្រ ស្ថិតក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកឡុចស៊ីស LEXUS RX400H ពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ 2AK-6418 បើកដេញតាមម៉ូតូមួយគ្រឿង ម៉ាកស្មាស់រេវ៉ូ (Smash Revo) ពាក់ស្លាកលេខភ្នំពេញ 1I-4028 តាមបណ្ដោយផ្លូវលេខ៦៩BT ទិសដៅពីមុខសាលាសង្កាត់បឹងទំពន់ទី២ រហូតមកដល់ចំណុចកើតហេតុខាងលើមុខ មន្ទីរសម្រាកព្យាបាលមួយកន្លែង ស្រាប់ទៅរថយន្តបានបុកពីក្រោយម៉ូតូខ្ទាតបោកផ្ទប់បង្គោលខ្សែភ្លើងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ដេកដួលនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តបង្ក បានរយ៉ែថយបន្តិចហើយបើកបន្ថែមល្បឿនរត់ចេញពីកន្លែងកើតហេតុ ទាំងមានធ្លាក់កាងមុខអូសនឹងថ្នល់ផងដែរ។

    ភ្លាមៗនោះបុរសម្នាក់ដែលជាសាក្សីបានឃើញក៏ជិះដេញតាមពីក្រោយ រហូតដល់មុខកន្លែងចតរថយន្តនៅផ្លូវបេតុងច្រកវត្តដំបូកខ្ពស់ ស្រាប់តែអ្នកបើកបរ ប្រញាប់ប្រញាល់ចុះមកមើលរថយន្តរបស់ខ្លួន ហើយកាច់បំបាក់កាងមុខលើកដាក់ក្នុងរថយន្ត ហើយបន្តបើករត់បណ្ដោយផ្លូវលេខ២៧១ ពីលិចទៅកើត ដោយមានបុរសម្នាក់ដែលជាសាក្សីខាងលើ និងកង់បីឥណ្ឌា មួយគ្រឿង ទៀតដេញតាមពីក្រោយ រហូតដល់ផ្លូវជាតិលេខ១ រថយន្តបង្កបានបត់ស្ដាំចូលតាមផ្លូវបេតុង ជាប់របងវត្ត ប្រជុំវង្ស ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្ដង ដោយសាក្សីនិងអ្នកបើកកង់បីតាមមិនទាន់ឡើយ តែសាក្សីដែលដេញតាមពីក្រោយចាំច្បាស់ណាស់ ភិនភាគរថយន្តបង្ក គឺរថយន្តម៉ាក LEXUS 400h ពណ៌ផ្សែងបារី ពាក់ស្លាកលេខភ្នំពេញ 2AK-6418 ។

    ចំណែកឯជនរងគ្រោះមានឈ្មោះ ផុស ផល្លា ភេទប្រុស អាយុ៣០ឆ្នាំជាង មុខរបរជាងដែក ស្នាក់នៅម្ដុំផ្ទះជួលច្រកផ្សារក្រមួន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានរងរបួសជើងធ្ងន់ ត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះ នៅឯមន្ទីរសំរាកព្យាបាល សួគ៌ា ភ្លាមៗផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍បឹងទំពន់ទី២ បានចុះមកយកម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកបណ្ដោះអាសន្ន នៅស្នាក់ការប៉ុស្តិ៍ បឹងទំពន់ទី២ ដើម្បីរងចាំសាច់ញាតិឬជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅពេលក្រោយ ដើម្បីងាយស្រួលធ្វើការស្រាវជ្រាវរករថយន្តបង្ក មកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: