មហាជននាំគ្នារិះគន់ពេលឃើញកូនកំលោះវ័យ ២៤ឆ្នាំរៀបការប្រពន្ធវ័យ ៨៥ឆ្នាំ តែនៅពីក្រោយរូបភាពរៀបការនេះគឺបង្កប់នូវរឿងរ៉ាវដ៏កំសត់នឹកស្មានមិនដល់
ចិន៖ កាលពីពេលថ្មីៗនេះមានរូបភាពរៀបអាពាហ៍ពិពាហ៍របស់កូនកំលោះវ័យ ២៤ ឆ្នាំ ជាមួយនឹងស្រ្តីវ័យ ៨៥ ឆ្នាំម្នាក់ត្រូវបានគេយកទៅបង្ហោះពេញបណ្តាញសង្គមក្នុងប្រទេសចិន ដោយបានធ្វើឲ្យសាធារណៈជនជាច្រើនរិះគន់និងមានចម្ងល់ជាខ្លាំងថា តើហេតុអ្វីបានជាកូនកំលោះសម្រេចចិត្តទៅរៀបការជាមួយនិងប្រពន្ធមានវ័យចំណាស់យ៉ាងនេះទៅវិញ?

ក្រោយមកទើបមានគេចុះទៅសម្ភាសប្តីប្រពន្ធទាំង ២ នាក់នោះនិងបានដឹងការពិតថា នៅពីក្រោយរូបភាពនៃការរៀបអាពាហ៍ពិពាហ៍នេះគឺមានបង្កប់នូវរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយដែលមនុស្សគ្រប់គ្នានឹកស្មានមិនដល់។ យោងតាមសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសជាកូនកំលោះនោះឈ្មោះថា Zhang ជាបុគ្គលិកផ្នែកពន្លត់អគ្គិភ័យនៅក្នុងខេត្ត Jiangxi ភាគខាងត្បូងប្រទេសចិន ហើយស្រ្តីដែលគ្រងឈុតកូនក្រមុំនោះមានឈ្មោះថា Tang ។ ប្រភពខាងលើបានបន្តថា លោកយាយ Tang គឺជាមនុស្សល្អម្នាក់ដោយកាលពី ២៤ ឆ្នាំមុន ពោលគឺនៅពេលដែលគាត់ទើបមានអាយុ ៦១ ឆ្នាំ គាត់បានរើសយកទារកដែលគេបោះបង់ចោលចំនួន ៦ នាក់មកចិញ្ចឹមនៅក្នុងគ្រួសាររបស់គាត់ ខណៈដែលគ្រួសាររបស់គាត់ក៏មានកូនបង្កើតចំនួន ៥ នាក់រស់នៅជាមួយគ្នាផងដែរ។
លោកយាយ Tang និងប្តីរបស់គាត់បានផ្គត់ផ្គង់គ្រួសារដ៏ធំមួយនេះដោយពឹងផ្អែកលើប្រាក់ខែចូលនិវត្តន៍របស់ពួកគាត់រួមជាមួយនឹងការដាំបន្លែលក់។ លុះដល់ក្មេងទាំង ៦ នាក់ដែលគាត់បានរើសមកចិញ្ចឹមនោះធំដឹងក្តីបន្តិច គាត់ក៏បានយកពួកគេទៅដាក់នៅមជ្ឈមណ្ឌលកុមារកំព្រាខ្លះ និងឲ្យគេសុំយកទៅចិញ្ចឹមខ្លះ លើកលែងតែលោក Zhang ដែលជាក្មេងម្នាក់ក្នុងចំណោមក្មេងទាំង ៦ នាក់នោះ ត្រូវបានគ្រួសាររបស់លោកយាយ Zhang សម្រេចទុកធ្វើជាកូនចិញ្ចឹមតែម្តង។

នៅក្នុងអំឡុងឆ្នាំ ២០០១ នាយកដ្ឋានពន្លត់អគ្គិភ័យនៃខេត្ត Jiangxi បានដឹងអំពីរឿងរ៉ាវក្នុងគ្រួសារលោកយាយ Tang ហើយអង្គភាពមួយនេះក៏បានជួយទំនុកបំរុងយុវជន Zhang ឲ្យទទួលបានការរៀនសូត្ររហូតចប់ថ្នាក់មហាវិទ្យាល័យនិងទទួលបានការងារនៅក្នុងអង្គភាពមួយនេះតែម្តង ខណៈដែលកាលពីឆ្នាំ ២០២០ កន្លងទៅនេះលោក Zhang ទទួលបានជ័យលាភីជាបុគ្គលិកឆ្នើមទៀតផង។ ក្រោយទទួលបានភាពជោគជ័យក្នុងជីវិតនិងការងារ លោក Zhang មិនដែលភ្លេចគុណដល់អ្នកដែលបានជួយគាត់ឡើយ ដោយគាត់តែងប្រាប់ខ្លួនឯងថា គ្រួសាររបស់លោកយាយ Tang បានផ្តល់ជីវិតទី ២ មកឲ្យគាត់ ហើយអង្គភាពពន្លត់អគ្គិភ័យខេត្ត Jiangxi បានផ្តល់ជីវិតទី ៣ មកឲ្យគាត់។
ដើម្បីតបស្នងដល់គ្រួសាររបស់លោកយាយ Tang កាលពីពេលបុណ្យចូលឆ្នាំប្រពៃណីចិនកន្លងទៅថ្មីៗនេះ លោក Zhang បានរៀបចំធ្វើឲ្យលោកយាយ Tang មានការភ្ញាក់ផ្អើលមួយ គឺគាត់បានត្រៀមឈុតកូនក្រមុំនិងកូនកំលោះសម្រាប់លោកយាយ Tang និងប្តីរបស់គាត់ ដើម្បីឲ្យពួកគាត់បានថតរូបជាមួយនឹងសំលៀកបំពាក់ដ៏ស្រស់ស្អាតនេះ ព្រោះនាពេលកន្លងមកលោកយាយ Tang ក៏មានបំណងប្រាថ្នាចង់គ្រងឈុតរៀបការស្អាតៗជាមួយនឹងប្តីរបស់គាត់ដែរ តែក្តីស្រម៉ៃមួយនេះមិនដែលកើតមានក្នុងជីវិតរបស់គាត់ឡើយព្រោះតែជីវភាពក្រីក្ររបស់ពួកគាត់។
យ៉ាងណាក្តី ពេលបានឈុតរៀបការមកដល់គឺស្របពេលដែលប្តីរបស់លោក Tang ឈឺធ្ងន់មិនអាចក្រោករួច ហើយក្នុងពេលនោះលោក Zhang ក៏សម្រេចស្លៀកពាក់ឈុតកូនកំលោះដើម្បីថតរូបជាមួយនឹងលោកយាយ Tang ដែលត្រូវជាម្តាយចិញ្ចឹមរបស់គាត់តែម្តង ដើម្បីបន្សល់ទុកនូវការចង់ចាំដ៏ល្អមួយក្នុងជីវិត តែពួកគាត់មិនបានស្រលាញ់គ្នាក្នុងនាមជាប្តីប្រពន្ធនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz