ឆក់ចំថ្ងៃស៊យ! ចោរ២នាក់ឆក់កាបូបនារីម្នាក់ តែត្រូវនាងស្ទុះទៅប្រទាញប្រទង់មកវិញ ធ្វើឲ្យចោរភ័យឆក់មិនបានសម្រេច ហើយជិះរត់គេចខ្លួនបានបន្តិចម៉ូតូដាច់ខ្សែពានក៏ផ្ដួលម៉ូតូទុកចោល រត់យករួចខ្លួនបាត់
រាជធានីភ្នំពេញ៖ ស្ត្រីម្ចាស់កាបូបម្នាក់បើកភ្នែកធំៗ ដោយសារចោរឆក់កាបូប ខណៈពេលកំពុងជិះម៉ូតូជាមួយសង្សារ តែនាងប្រទាញប្រទង់ទៅវិញទៅមក ទើបជនសង្ស័យឆក់មិនបាន ហេីយជនសង្ស័យក៏ជិះរត់បានបន្តិចម៉ូតូដាច់ខ្សែពាន ក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់អស់បន្សល់ទុកម៉ូតូដែលជិះធ្វើសកម្មភាពត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សេង និងក្រុមអ្នកសារព័ត៌មានជួយជិះរុញយកទៅប្រគល់ឲ្យដល់មុខប៉ុស្តិ៍ និងមានជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដែរ តែមន្ត្រីនគរបាលប៉ុស្តិ៍មួយរូបបានប្រាប់ឲ្យនារីរងគ្រោះ ត្រលប់ទៅផ្ទះវិញសិន ចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងវិញក៏បាន។

ករណីឆក់កាបូបមិនបានសម្រេចនោះ បានកើតឡើងបានកើតឡើង នៅចំណុចក្រោយសាលាស៊ីសុវត្ថិ លើផ្លូវប៉ាស្ទ័រ(លេខ៥១) កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ព្រំប្រទល់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ហេីយនាំគ្នាជិះរត់ទៅផ្ដួលម៉ូតូរត់គេចខ្លួន នៅផ្លូវ២០៨ ផ្លូវមុខ អនុវិទ្យាល័យ ចតុមុខ ចម្ងាយ១២០ម៉ែត្រ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីម៉ោងជិត១យប់រំលងអាធ្រាត្រ ចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
បើតាមសម្ដីនារីរងគ្រោះមានឈ្មោះ ធា រ៉ា អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល នៅម្ដុំទួលទំពូង ខណ្ឌចំការមន មានស្រុកកំណើត នៅម្ដុំកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ពណ៌ស (សុំមិនប្រាប់ស្លាកលេខ) ជាមួយនឹងសង្សាររបស់ខ្លួនចេញពីហូបអាហារជាមួយគ្នា នៅម្ដុំផ្សារកណ្ដាល បំណងត្រលប់ទៅផ្ទះជួលវិញ នៅម្ដុំទួលទំពូង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ស្រាប់តែមានជនសង្ស័យ ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ូហ្សូគីនិច (Suzuki Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CC-0209 មកតាមមកពីក្រោយ ហើយធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ខ្លួន តែខ្លួនក៏ចាប់ទាញខ្សែកាបូបប្រទាញប្រទង់ទៅវិញទៅមកជាមួយជនសង្ស័យ ដោយខ្សែកាបូបមាំ ហើយជនសង្ស័យធ្វើសកម្មភាពឆក់ទាញមិនដាច់ ក៏នាំគ្នាបន្ថែមល្បឿន ជិះរត់គេចខ្លួនតាមបណ្ដោយផ្លូវ៥១ ពីជើងទៅត្បូង ហើយសង្សាររបស់ខ្លួនក៏ជិះដេញតាមពីក្រោយ ស្រែកចោរៗផងដែរ ហើយជនសង្ស័យបានជិះបត់ស្ដាំឡើងមកផ្លូវ២០៨ ពីលិចទៅកើត ដោយម៉ូតូជនសង្ស័យបានដាច់ខ្សែពាន ទើបជនសង្ស័យនាំគ្នាផ្ដួលម៉ូតូចោលហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុក ម៉ូតូមួយគ្រឿង ម៉ាកស៊ូហ្សូគីនិច (Suzuki Nex) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CC-0209 ដែលជាម៉ូតូដែលជិះធ្វើសកម្មភាព នៅកន្លែងកើតហេតុផងដែរ ។
បន្តិចក្រោយមកអ្នកឃើញហេតុការណ៍ក៏បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ តែឃើញកម្លាំងប៉ុស្តិ៍ជ័យជំនះ ដឹកនាំដោយលោកនាយប៉ុស្តិ៍ចុះមកដល់ ដោយទីតាំងដែលជនសង្ស័យផ្ដួលម៉ូតូហើយរត់គេចខ្លួនអស់នោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ទើបទំនាក់ទំនងទៅខាងសមត្ថកិច្ចមូលដ្ឋានកើតហេតុ ឲ្យចុះមកយកម៉ូតូទៅរក្សាទុក តែដោយសាររងចាំយូរបន្តិច ទើបលោកនាយប៉ុស្តិ៍ ជ័យជំនះ បានជួយយកម៉ូតូរបស់ជនសង្ស័យនោះ យកទៅដល់មុខស្នាក់ការប៉ុស្តិ៍នគរបាលបឹងរាំង ដើម្បីប្រគល់អោយកម្លាំងប៉ុស្តិ៍នគរបាលបឹងរាំង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវ ស្វែងរក ជនសង្ស័យ តាមជំនាញនៅពេលក្រោយទៀត ។
តែអ្វីដែលហួសចិត្តបំផុតនោះ គឺក្រោយពេលកើតហេតុរួច ជនរងគ្រោះប្រុសស្រីទាំងពីរនាក់គូសង្សារ បានមកដល់ស្នាក់ការប៉ុស្តិ៍នគរបាលបឹងរាំងដែរ ដើម្បីដាក់ពាក្យបណ្ដឹង ដើម្បីបំភ្លឺហេតុការណ៍ដែលបានកើតឡើង និងងាយស្រួលដល់សមត្ថកិច្ចធ្វើការ ស្រាវជ្រាវកំណត់មុខសញ្ញា បែរជាមន្ត្រីប៉ូលិសប៉ុស្តិ៍បឹងរាំងម្នាក់ស្លៀកពាក់ស៊ីវិល បានសួរនាំហើយប្រាប់ឲ្យនារីរងគ្រោះថា «ទៅវិញសិន ចាំស្អែកចាំមកដាក់ពាក្យបណ្ដឹងវិញក៏បាន» នេះហាក់បីដូចជាព្រងើយកន្តើយ មិនយកចិត្តទុកដាក់ អំពីបញ្ហាពលរដ្ឋទាល់តែសោះ ហើយជនរងគ្រោះក៏ប្រញាប់ទៅផ្ទះផង ក៏ឡើងជិះម៉ូតូឌុបគ្នាចេញទៅបាត់អស់ទៅ ៕






ដោយ៖ បងម៉េង ខ្មែរណូត