អន្តរជាតិ

ម្សិលមិញនេះ ថៃរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៩២ ករណីបន្ថែមទៀតហើយក្នុងនោះមាន ៦ ករណីគឺជាករណីនាំចូលពីក្រៅប្រទេស

BY
Pheakdey
February 22, 2021

ថៃ៖ សារព័ត៌មាន បាងកកប៉ុស្តិ៍ បានរាយការណ៍ថា កាលពីថ្ងៃអាទិត្យទី ២១ ខែ កុម្ភៈ ម្សិលមិញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន ៩២​ ករណីបន្ថែមទៀត ប៉ុន្តែថៃគ្មានករណីអ្នកស្លាប់ថ្មីនោះទេ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីខាងលើនេះគឺភាគច្រើនត្រូវបានរកឃើញនៅក្នុងខេត្តសាមុតសានខ ដោយនៅក្នុងខេត្តមួយនេះមានអ្នកជំងឺកូវីដ ១៩ រហូតទៅដល់ ៦០ ករណីឯណោះហើយក្នុងនោះមាន ២៣ ករណីបានកើតមានចំពោះពលរដ្ឋថៃ និង ៣៧ ករណីផ្សេងទៀតបានកើតមានចំពោះក្រុមកម្មករមីយ៉ាន់ម៉ា។

ក្រៅតែពីមានករណីចម្លងនៅក្នុងសហគមន៍ក្នុងចំណោមករណីឆ្លងទាំងអស់ខាងលើនេះក៏មានករណីនាំចូលពីក្រៅប្រទេសចំនួន ៦ ករណីផងដែរគឺកើតឡើងចំពោះអ្នកដំណើរមកពីប្រទេសអាឡឺម៉ង់ អាមេរិក ប្រេស៊ីល អេត្យូពី​ គុយវ៉ែត និងអូម៉ង់ ហើយអ្នកដំណើរមកពីអាមេរិកនិងអូម៉ង់គឺជាពលរដ្ឋថៃតែម្តង។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២៥ ៤១៥ ករណី និងស្លាប់សរុបចំនួន ៨៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: