អន្តរជាតិ

ព្រះសង្ឃថៃ ៤ អង្គត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់លួចសម្ងំប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងវត្ត

BY
Pheakdey
February 23, 2021

ថៃ៖ ព្រះសង្ឃថៃចំនួន ៤ អង្គត្រូវបានប៉ូលិសចាប់ខ្លួនក្រោយមានសេចក្តីរាយការណ៍ថា ព្រះសង្ឃទាំង ៤​ អង្គនេះបានសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងវត្ត។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងវត្តមួយកន្លែងក្នុងខេត្ត Chon Buri ភាគខាងកើតប្រទេសថៃ ខណៈអត្តសញ្ញាណរបស់ព្រះសង្ឃទាំង ៤​ អង្គនេះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបន្តថា ប្រតិបត្តិការណ៍ចាប់ខ្លួនក្រុមសង្ឃខិលខូចទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រះចៅអធិការវត្តបានរាយការណ៍ទៅកាន់អាជ្ញាធរថា មានករណីព្រះសង្ឃមួយក្រុមបាននាំគ្នាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅក្នុងវត្ត។

ក្រោយទទួលបានសេចក្តីរាយការណ៍នេះប៉ូលិសជំនាញថៃក៏បានចុះទៅដល់ទីតាំងកើតហេតុនិងឈានទៅធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន ៤ អង្គជាមួយនឹងគ្រឿងញៀនមួយចំនួន ហើយការធ្វើតេស្តទឹកនោមរបស់ក្រុមព្រះសង្ឃទាំងនេះក៏បានបង្ហាញលទ្ធផលវិជ្ជមាននៃការប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មផងដែរ។ ភ្លាមៗបន្ទាប់ពីការរកឃើញដូចខាងលើនេះព្រះចៅអធិការវត្តបានសម្រេចចាប់ផ្សិកព្រះសង្ឃទាំង ៤ អង្គនេះនិងបណ្តេញចេញពីវត្តស្របតាមវិន័យសង្ឃ ខណៈរហូតមកទល់ពេលនេះបុរសទាំង ៤ នាក់នេះត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីរងចាំទទួលទោសទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

Share This Post: