អន្តរជាតិ

គូស្នេហ៍មួយគូសម្រេចចាក់ច្រវ៉ាក់ដៃជាប់គ្នា ទៅណាមកណាជាមួយគ្នា ចូលបន្ទប់ទឹកជាមួយគ្នា ងូតទឹកជាមួយគ្នារយៈពេល៣ខែ ដើម្បីពិសោធន៍ស្នេហ៍ពិត

BY
Pheakdey
February 23, 2021

អ៊ុយក្រែន៖ មានវិធីជាច្រើនដែលគេអាចប្រើប្រាស់ដើម្បីពិសោធន៍អំពីទំហំនៃសេចក្តីស្រលាញ់ចំពោះដៃគូស្នេហា តែគូស្នេហ៍មួយគូនេះវិញបានប្រើប្រាស់វិធីយ៉ាងចម្លែងបំផុតមួយគឺពួកគេបានសម្រេចចាក់ច្រវ៉ាក់ដៃជាប់គ្នារយៈពេល ៣ ខែតែម្តង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា គូស្នេហ៍មួយគូនេះគឺលោក Alexander និងកញ្ញា Viktoria ហើយបច្ចុប្បន្នពួកគាត់កំពុងរស់នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រភពខាងលើបន្តថា គូស្នេហ៍ខាងលើនេះបានសម្រេចប្រើប្រាស់វិធីពិសោធន៍ស្នេហ៍នេះចាប់តាំងពីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២១ ពោលគឺចាប់ពីទិវានៃសេចក្តីស្រលាញ់មក ហើយតាមគម្រោងគឺពួកគេនឹងប្រើប្រាស់រយៈពេល ៣ ខែពេញតែម្តងសម្រាប់អនុវត្តវិធីនេះ។

លោក Alexander បានឲ្យដឹងថា គាត់នឹងមិត្តស្រីបានប្រើប្រាស់សំលៀកបំពាក់ដែលមានរូតតាំងពីលើដល់ក្រោមដើម្បីងាយស្រួលផ្លាស់ប្តូរសំលៀកបំពាក់ ពួកគាត់តែងងូតទឹក ប្រើប្រាស់បន្ទប់ទឹកជាមួយគ្នា ញ៉ាំអាហាររួមគ្នា ទៅណាមកណាទាំងអស់គ្នា ហើយបើពេលចេញទៅទីសាធារណៈវិញគឺពួកគាត់បានប្រើប្រាស់បន្ទប់ទឹកសម្រាប់មនុស្សស្រីរួមគ្នា។ ក្នុងរយៈពេល ៣ ខែនេះក៏មានការតាមដានពីក្រុមការងារអ្នកកត់ត្រាកំណត់ត្រាប្លែកៗប្រចាំប្រទេសអ៊ុយក្រែនផងដែរ ហើយស្ថាប័នមួយនេះនឹងផ្តល់ជូនកំណត់ត្រាពិសេសមួយជូនគូស្នេហ៍នេះភ្លាម ប្រសិនបើពួកគេអាចបន្តរស់នៅជាមួយគ្នាដូចនេះរហូតដល់ ៣ ខែប្រាកដមែន៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: