អន្តរជាតិ

វ៉ាក់សាំងកូវីដ ១៩ ដំបូង ដែលប្រទេសថៃទិញពីចិន ត្រូវបានដឹកជញ្ជូនមកដល់ទឹកដីថៃរួចរាល់ហើយ

BY
Pheakdey
February 25, 2021

ថៃ៖ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ លើកដំបូងរបស់ប្រទេសថៃត្រូវបានដឹកជញ្ជូនទៅដល់ទឹកដីថៃរួចរាល់ហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍។ វ៉ាក់សាំងរបស់ប្រទេសថៃនោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន  Sinovac Life Sciences Co of China និងមានចំនួន ២០០ ០០០ ដូសក្នុងដំណាក់កាលដំបូងនេះ។ ប្រភពខាងលើបានបន្តថា វ៉ាក់សាំងត្រូវបានដឹកជញ្ជូនពីទីក្រុងប៉េកាំងប្រទេសចិនតាមរយៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International និងបានមកដល់ព្រលានយន្តហោះសុវណ្ណភូមិក្នុងប្រទេសថៃកាលពីម៉ោង ១០ និង ៥ នាទី ព្រឹកថ្ងៃពុធ ទី ២៤ កុម្ភៈកន្លងទៅ។

ពេលវ៉ាក់សាំងបានមកដល់ព្រលានយន្តហោះ លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃជាច្រើនរូបផ្សេងទៀតបានអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់នៅព្រលានយន្តហោះ​ ហើយលោកនាយករដ្ឋមន្ត្រីថៃបានឲ្យដឹងថា “ថ្ងៃនេះជាថ្ងៃប្រវត្តិសាស្ត្រដ៏ល្អមួយដែលប្រទេសថៃបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាលើកដំបូងបំផុតរបស់ខ្លួន”។

សូមបញ្ជាក់ថា វ៉ាក់សាំងទាំង ២០០ ០០​០ ដូសនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងសរុបចំនួន ២​ លានដូសដែលរដ្ឋាភិបាលថៃបានបញ្ជាទិញមកពីប្រទេសចិនក្នុងតម្លៃ ១,២ ពាន់លានបាត (ជិត ៤០ លានដុល្លារអាមេរិក)។ តាមគម្រោង វ៉ាក់សាំងទាំងនេះនឹងត្រូវរក្សាទុករហូតដល់ថ្ងៃសុក្រ និងផ្តើមចែកចាយទៅកាន់មន្ទីរនៅតាមខេត្តនៅថ្ងៃសោរ៍ ហើយនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយនេះរដ្ឋាភិបាលថៃនឹងបើកយុទ្ធការចាក់វ៉ាក់សាំងទាំងនេះជូនពលរដ្ឋតែម្តង។

ខេត្ត-ក្រុងដែលនឹងទទួលបានវ៉ាក់សាំងនេះមានចំនួន ១៣ រួមមានក្រុង Bangkok, ខេត្ត Samut Sakhon, Pathum Thani, Nonthaburi, Samut Prakan, Tak, Nakhon Pathom, Samut Songkhram, Ratchaburi, Chon Buri, Phuket, Surat Thani និងខេត្ត Chiang Mai។ ចំពោះពលរដ្ឋដែលត្រូវទទួលបានវ៉ាក់សាំងវិញគឺជាក្រុមពលរដ្ឋងាយរងគ្រោះពីការឆ្លងជំងឺ និងត្រូវជាពលរដ្ឋមានសុខភាពល្អដែលមានអាយុចាប់ពី ១៨ ឆ្នាំរហូតដល់ ៥៩ ឆ្នាំ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: