អន្តរជាតិ

ស្រ្តីជនជាតិចិនម្នាក់សុខចិត្តចំណាយលុយជាង១៥ម៉ឺនដុល្លារ ដើម្បីបង្កើតកូនចំនួន ៧ នាក់ ព្រោះមិនចង់ឯកាតែម្នាក់ឯង ពេលប្តី ឬសមាជិកគ្រួសារផ្សេងទៀតទៅធ្វើការឆ្ងាយផ្ទះ

BY
Pheakdey
February 26, 2021

ចិន៖ ខណៈដែលគ្រួសារជាច្រើននៅទូទាំងពិភពលោកព្យាយាមយកកូនក្នុងចំនួនតិចតួចដើម្បីរក្សាលំនឹងសេដ្ឋកិច្ចគ្រួសារនោះ មានស្រ្តីជនជាតិចិនម្នាក់ត្រូវបានសារព័ត៌មាន South China Morning Post  ចុះផ្សាយថា រូបគាត់បានចំណាយលុយអស់ជាង ១ លានយន់ ( ១៥៥ ០០០ ដុល្លារអាមេរិក) ដើម្បីបង្កើតកូនឲ្យបានចំនួន ៧ នាក់។ ស្ត្រីរូបនេះមានឈ្មោះថា Zhang Rongrong មានអាយុ ៣៤ ឆ្នាំនិងប្តីរបស់គាត់មានអាយុ ៣៩ ឆ្នាំ ហើយគ្រួសារមួយនេះរស់នៅក្នុងតំបន់ Chaoshan ខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន។

អ្នកស្រី Zhang Rongrong ត្រូវបានគេដឹងថា គឺជាអ្នកជំនួញដ៏ជោគជ័យនិងជាអ្នកមានស្តុកស្តម្ភម្នាក់ ដោយអ្នកស្រីមានអាជីវកម្មធំៗជាច្រើននៅក្នុងដៃដូចជា ក្រុមហ៊ុនសំលៀកបំពាក់ គ្រឿងអលង្ការ និងក្រុមហ៊ុនថែរក្សាសម្រស់។ ប្រភពខាងលើបានបញ្ជាក់ថា កូនៗទាំង ៧ នាក់របស់អ្នកស្រីគឺមានអាយុចាប់ពី ១ ឆ្នាំដល់ ១៤ ឆ្នាំ មានស្រី ២ នាក់ និងប្រុស ៥ នាក់ ហើយក្នុងនោះក៏មានកូនភ្លោះចំនួន ២ នាក់ផងដែរ។

គួរបញ្ជាក់ជូនថា ចិនបានអនុវត្តច្បាប់អនុញ្ញាតឲ្យគ្រួសារមួយត្រូវមានកូនតែម្នាក់ជាច្រើនឆ្នាំមកហើយនិងរហូតដល់ឆ្នាំ ២០១៥ ទើបច្បាប់នេះត្រូវបានធ្វើវិសោធនកម្មដោយអនុញ្ញាតឲ្យគ្រួសារមួយអាចមានកូនដល់ ២ នាក់។ ក្នុងករណីដែលគ្រួសារណាបង្កើតកូនលើសពីចំនួនដែលបានកំណត់នេះគឺខាងអាជ្ញាធរនឹងមិនធ្វើលិខិតជាតិកំណើតជូនពួកគេនោះទេ ដែលមានន័យថាពួកគេនឹងគ្មានសញ្ជាតិនិងសិទ្ធជាពលរដ្ឋចិនស្របច្បាប់នោះទេ។

យ៉ាងណាក្តី សម្រាប់គ្រួសារអ្នកមានគឺពួកគាត់អាចបង់ប្រាក់ថ្លៃ “សេវាគាំទ្រសង្គម” ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនបាន ប្រសិនបើពួកគេចង់បានកូនដោយស្របច្បាប់លើសពីចំនួនកំណត់ដោយច្បាប់។ ជាក់ស្តែងអ្នកស្រី Zhang Rongrong បានចំណាយប្រាក់រហូតដល់ជាង ១ លានយន់ (ប្រមាណជា ១៥៥ ០០០ ដុល្លាអាមេរិក) ដើម្បីទទួលបានកូនរហូតដល់ទៅ ៧ នាក់ដូចនេះ។ អ្នកស្រី Zhang Rongrong បានប្រាប់ឲ្យដឹងថា មូលហេតុតែមួយគត់ដែលគាត់ចង់បានកូនច្រើនគឺគាត់មិនចង់នៅឯកាតែម្នាក់ឯងពេលប្តីគាត់ឬសមាជិកគ្រួសារផ្សេងទៀតត្រូវចេញទៅបំពេញភារកិច្ចនៅឆ្ងាយពីផ្ទះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post 

Share This Post: