អន្តរជាតិ

ម្សិលមិញនេះប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧២នាក់ទៀត អ្នកឆ្លងសរុបកើនដល់ ២៥ ៧៦៤នាក់ហើយ

BY
Pheakdey
February 26, 2021

ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី ២៥ ខែ កុម្ភៈ នេះ ប្រទេសថៃបានរកឃើញអ្នកជំងឺកូវីដ ១៩ ចំនួន​ ៧២ ករណី បន្ថែមទៀត ក្នុងនោះមាន ៦៣ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ និង ៩ ករណីគឺជាការនាំចូលមកពីក្រៅប្រទេស។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមករណីអ្នកឆ្លងមេរោគនៅក្នុងសហគមន៍នោះគឺមាន ៤៣ ករណីត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យ និង ២០ ករណីផ្សេងទៀតត្រូវបានរកឃើញតាមរយៈការធ្វើតេស្តឆាប់រហ័សដែលក្រុមបុគ្គលិកសុខាភិបាលបានចុះទៅធ្វើដល់សហគមន៍របស់ប្រជាពលរដ្ឋតែម្តង។

ប្រភពខាងលើបានបន្ត ខេត្តសាមុតសាខនគឺជាទីតាំងដែលគេបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេ ដោយនៅក្នុងខេត្តមួយនេះមានអ្នកឆ្លងថ្មីរហូតដល់ទៅ ៣០ ករណី ឬស្មើនឹង ៤៨% នៃករណីចម្លងសរុបក្នុងថ្ងៃទី ២៥ កុម្ភៈ នេះផងដែរ។ ដោយឡែកចំពោះករណីចម្លងចូលពីក្រៅប្រទេសវិញគឺបានរកឃើញចំពោះអ្នកដំណើរមកពីប្រទេសចំនួន ៨ ដូចជាប្រទេសឥណ្ឌូនេស៊ី ១ករណី គុយវ៉ែត ១ករណី សហរដ្ឋអាមេរិក ១ករណី នីហ្សេរីយ៉ា ១ករណី អូម៉ង់ ១ករណី រុស្សី ១ករណី បង់ក្លាដេស ១ករណី និងប្រទេសអារ៉ាប់រួម ២ករណី។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះប្រទេសថៃមានអ្នកជំងឺកូវីដ ១៩​ សរុបចំនួន ២៥ ៧៦៤ ករណី និងស្លាប់ចំនួន ៨៣​ ករណីងផងដែរ៕ h

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: