អន្តរជាតិ

ទារកអាយុ១ឆ្នាំម្នាក់ត្រូវពិន័យជាប្រាក់ ដោយសារមិនពាក់ម៉ាស់ពេលជិះជណ្ដើរយោង នៅប្រទេសម៉ាឡេស៊ី

BY
Pheakdey
March 3, 2021

ថៃ៖ ទារកដែលទើបនឹងមានអាយុត្រឹមតែ ១ ឆ្នាំម្នាក់ត្រូវទទួលរងនូវការពិន័យជាប្រាក់ចំនួន ១០០ រីងហ្គីង (២៤,៧០ ដុល្លារអាមេរិក) បន្ទាប់ពីគេបានមើលឃើញថា ទារករូបនោះមិនបានពាក់ម៉ាស់នោះទេក្នុងពេលជិះជណ្ដើរយោងនៅក្នុងអគារអាផាតមិនមួយកន្លែង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអាផាតមិនមួយកន្លែងក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី ខណៈដែលការផាកពិន័យនេះគឺជាចំណាត់ការរបស់ប្រធានគ្រប់គ្រងអាផាតមិនផ្ទាល់តែម្តង តែវាមិនមែនជាវិធានការរបស់អាជ្ញាធរម៉ាឡេស៊ីនោះទេ។

គួរម្លឹកជូនថា នាពេលកន្លងអាជ្ញាធរម៉ាឡេស៊ីធ្លាប់ដាក់ចេញនូវបទបញ្ជាថា ពលរដ្ឋដែលមានអាយុលើសពី ២ ឆ្នាំឡើងទៅត្រូវតែពាក់ម៉ាស់នៅទីសាធារណៈ បើមិនដូចនោះទេពួកគេនឹងត្រូវរងនូវការពិន័យជាប្រាក់ ដែលយោងទៅតាមបទបញ្ជានេះគឺក្មេងដែលមានអាយុត្រឹម ២ ឆ្នាំ ឬតិចជាង ២ ឆ្នាំ នឹងមិនត្រូវទទួលរងនូវការផាកពិន័យឡើយ។

យោងទៅតាមបទបញ្ជានេះហើយទើបចំណាត់ការរបស់ប្រធានគ្រប់គ្រងអាផាតមិនខាងលើនេះត្រូវទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមម៉ាឡេស៊ីដោយពួកគេបានសង្កត់ធ្ងន់ថា ខាងអាផាតមិនបានអនុវត្តបទបញ្ជាតឹងរឹងជាងអាជ្ញាធរទៅទៀត ​ហើយការអនុវត្តនេះទៀតសោធគឺខាងអាផាតមិនបានធ្វើឡើងខ្លួនឯងដោយគ្មានការណែនាំពីខាងអាជ្ញាធរនោះទេ។

សម្រាប់ភាគីខាងអាផាតិមិនវិញបានបញ្ជាក់ថា អាផាតមិនមានបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដែលតម្រូវឲ្យអតិថិជនទាំងអស់ត្រូវអនុវត្តតាម ហើយការអនុវត្តការផាកពិន័យចំពោះក្មេងតូចៗដូចនេះក៏ព្រោះប្រធានគ្រប់គ្រងអាផាតមិនយល់ឃើញថា ក្មេងតូចក៏មានហានិភ័យនៃការឆ្លងជំងឺកូវីដ ១៩ ផងដែរ ដូចនេះហើយការផាកពិន័យត្រូវតែធ្វើឡើងដើម្បីដាសតឿនដល់ម្តាយឪពុកគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាទោះជាកូនៗរបស់ពួកគាត់នៅតូចប៉ុណ្ណាក៏ដោយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: