ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពិតជាសំណាងមែន! ចុងភៅថៃម្នាក់រកឃើញគុជមួយពីខ្យងសមុទ្រ ហើយបានទុកវាអស់រយៈពេល ១០ឆ្នាំ លុះចុងក្រោយទើបដឹងថាវាមានតម្លៃរាប់សែនដុល្លារ

    BY Pheakdey February 26, 2021
    ពិតជាសំណាងមែន! ចុងភៅថៃម្នាក់រកឃើញគុជមួយពីខ្យងសមុទ្រ ហើយបានទុកវាអស់រយៈពេល ១០ឆ្នាំ លុះចុងក្រោយទើបដឹងថាវាមានតម្លៃរាប់សែនដុល្លារ

    ថៃ៖ បុរសជាមេចុងភៅជនជាតិថៃម្នាក់អាចនឹងក្លាយសេដ្ឋីមួយប៉ប្រិចភ្នែក នៅពេលដែលគាត់អាចចរចាលក់គុជខ្យងដ៏កម្រមួយគ្រាប់ ដែលគាត់បានរកឃើញនៅក្នុងខ្យងសមុទ្រទិញមកពីផ្សារសម្រាប់ចម្អិនធ្វើជាម្ហូបតាំងតែពី ១០ ឆ្នាំមុនមកម៉្លេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Pattaya News កាលពីថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា បុរសជនជាតិថៃរូបនោះមានឈ្មោះថា Patipat Hatthadon អាយុ ៥៧ឆ្នាំ រស់នៅក្នុងខេត្ត Chonburi ភាគខាងត្បូងនៃប្រទេសថៃ។ ដំបូងឡើយគាត់មិនដឹងថាវាជាគុជយ៉ាងមានតម្លៃនោះទេ ប៉ុន្តែយ៉ាងណាគាត់នៅតែរក្សាវាដល់សព្វថ្ងៃ។

    ប្រភពបន្តឱ្យដឹងថា កាលពី ១០ ឆ្នាំមុន បុរសមហាសំណាងរូបនេះបានទៅធ្វើជាចុងភៅនៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅក្រុងប៉ាតាយ៉ា ដែលពេលនោះគាត់បានទិញខ្យងសមុទ្រពីផ្សារជាច្រើនគីឡូក្នុងមួយថ្ងៃៗសម្រាប់ទុកធ្វើម្ហូបជូនភ្ញៀវ។ នៅក្នុងខ្យងសមុទ្រធំមួយក្នុងចំណោមខ្យងទាំងអស់នោះ គាត់បានប្រទះឃើញមានគុជធំមួយនៅខាងក្នុង ហើយពេលនោះគាត់គិតថា វាគ្រាន់តែជារបស់ដែលអ្នកលក់បានបង្កប់នៅក្នុងខ្យងដើម្បីបង្កើនទម្ងន់ខ្យងឲ្យលក់បានថ្លៃប៉ុណ្ណោះ។ តែដោយសារឃើញគុជនោះស្អាតល្អគាត់ក៏មិនបានបោះវាចោលនោះទេ ហើយក្រោយមកគាត់ក៏បានយកវាទៅទុកក្នុងប្រអប់ចាត់ទុកជាវត្ថុស័ក្កសិទ្ធសម្រាប់គោរពបូជានៅឯផ្ទះរបស់គាត់ ដែលគិតមកទល់ពេលនេះគឺមានអស់រយៈពេល ១០ ឆ្នាំគត់។

    ថ្មីៗនេះទើបលោក Patipat Hatthadon បានដឹងថា គុជដែលគាត់បានរក្សាទុកពេញមួយទសវត្សមកនេះគឺជារបស់មានតម្លៃ ក្រោយពេលបានឃើញសារព័ត៌មានថៃជាច្រើនចុះផ្សាយពីករណីអ្នកនេសាទថៃក្រីក្រម្នាក់រើសបានគុជខ្យងដូចគ្នាបែបនេះ ដែលមានតម្លៃរហូតដល់ទៅ ៣២០,០០០ ដុល្លារ។ ដូចនេះគាត់ក៏បានយកគុជនោះទៅឲ្យក្រុមហ៊ុនលក់គ្រឿងអលង្ការនិងត្បូងពេជ្រពិនិត្យមើល ហើយបន្ទាប់ពីពិនិត្យរួចអ្នកជំនាញបានចេញលិខិតទទួលស្គាល់ថា គុជខ្យងមួយគ្រាប់នោះជារបស់ពិតនិងមានទម្ងន់សរុប ​៩០.១០ ការ៉ាត់។​

    កាលពីថ្ងៃទី ២៣ កុម្ភៈកន្លងទៅនេះ លោក Patipat Hatthadon ក៏បានរាយការណ៍ករណីនេះទៅខាងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឲ្យខាងប៉ូលិសជួយការពារសន្តិសុខចំពោះរូបគាត់ និងគុជខ្យង ខណៈពេលនេះមានក្រុមហ៊ុនធំៗជាច្រើននៅក្រៅប្រទេសកំពុងមកធ្វើការដេញថ្លៃដើម្បីទិញគុជនេះ។ គេនៅមិនទាន់ដឹងច្បាស់ពីតម្លៃពិតប្រាកដរបស់គុជខ្យងនេះនៅឡើយទេ ហើយគេជឿថា គុជខ្យងដ៏កម្រដែលមានទំហំរហូតដល់ទៅ ៩០.១០ ការ៉ាត់មួយនេះ អាចនឹងមានតម្លៃច្រើនជាង ១០ លានបាត ឬរាប់សែនដុល្លារអាមេរិក៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ The Pattaya News

    Share This Post: