រថយន្តស្ដារិចបើកលឿនបុកឡានដឹកសម្រាម បណ្ដាលឲ្យរងការខូចខាតទាំងសងខាង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់
រាជធានីភ្នំពេញ៖ រថយន្តស្ដារិចបើកលឿនបុកឡានដឹកសម្រាម បណ្ដាលឲ្យរងការខូចខាតទាំងសងខាងចំណែកមនុស្សរងរបួសស្រាល បង្កការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចចុះអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២១ នៅត្រង់ចំណុចស្តុបណតប្រីត ស្ថិតតាមបណ្ដោយផ្លូវណតប្រីតកែងនឹងផ្លូវ ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-5361 រថយន្តរងគ្រោះដឹកសំរាមក្រុមហ៊ុនស៊ីនទ្រី ពណ៌បៃតង គ្មានស្លាកលេខ។ ដំណើររឿងបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿន មានមនុស្សជិះក្នុងរថយន្តប្រហែល ៤ទៅ៥នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបុកឡានដឹកសម្រាមពេញទំហឹង បណ្ដាលឲ្យការខូចខាតទាំងសងខាងតែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕









ដោយ៖ បងម៉េង ខ្មែរណូត