អន្តរជាតិ

ហ្វីលីពីនរកឃើញជំងឺកូវីដ ១៩ បំប្លែងខ្លួននៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ៦ ករណីជាលើកដំបូងលើទឹកដីខ្លួន

BY
Pheakdey
March 3, 2021

ហ្វីលីពីន៖ នៅព្រឹកថ្ងៃអង្គារ ទី ២ កុម្ភៈ កន្លងទៅនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានរាយការណ៍ថា ហ្វីលីពីនបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួននៅតំបន់អាហ្វ្រិកខាងត្បូងជាលើកដំបូងលើទឹកដីខ្លួនហើយ តាមរយៈការរកឃើញលទ្ធផលវិជ្ជមានចំពោះអ្នកជំងឺចំនួន ៦ ករណី។ អ្នកជំងឺកូវីដ ១៩ ទាំង ៦ ករណីនោះមាន ៣ ករណីគឺជាការចម្លងនៅក្នុងសហគមន៍ ២ ករណីគឺជាការនាំចូលពីបរទេសតាមរយៈអ្នកដំណើរជនជាតិហ្វីលីពីន និង ១ ករណីផ្សេងទៀតនៅមិនទាន់រកឃើញប្រភពច្បាស់លាស់នៅទេរហូតមកទល់នឹងពេលនេះ។

បើយោងតាមសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការរកឃើញករណីជំងឺកូវីដ ១៩ បំប្លែងខ្លួននេះក៏បានបង្កើតការព្រួយបារម្ភចំពោះអាជ្ញាធរសុខាភិបាលហ្វីលីពីនផងដែរ ដោយគេបារម្ភថាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលអាជ្ញាធរសុខាភិបាលហ្វីលីពីនកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្នអាចនឹងគ្មានប្រសិទ្ធភាពចំពោះមេរោគជំងឺកូវីដ ១៩ ប្រភេទថ្មីនេះ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃចន្ទកន្លងទៅនេះអាជ្ញាធរសុខាភិបាលនៃប្រទេសហ្វីលីពីនបានផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាលើកដំបូងជូនពលរដ្ឋមួយចំនួន ដោយវ៉ាក់សាំងទាំងនោះគឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac Biotech ។ តាមគម្រោងហ្វីលីពីនបានបញ្ជាទិញវ៉ាក់សាំងរបស់ក្រុមហ៊ុនចិនដដែលនេះចំនួន ២៥ លានដូសបន្ថែមទៀតរួចហើយដែរ តែគេនៅមិនទាន់ដឹងអំពីពេលវេលាជាក់លាក់ដែលហ្វីលីពីននឹងត្រូវទទួលបានវ៉ាក់សាំងទាំងនោះនៅឡើយទេ។ ក្រៅពីនេះហ្វីលីពីនក៏បានបញ្ជាទិញវ៉ាក់សាំងប្រភេទ AstraZeneca  ចំនួន ៥២៥ ៦០០ ដូសផងដែរ ហើយតាមការគ្រោងវ៉ាក់សាំងនឹងត្រូវដឹកមកដល់ហ្វីលីពីនៅថ្ងៃចន្ទ តែដោយសារមានបញ្ហាផ្នែកដឹកបញ្ជូនទើបគម្រោងត្រូវបានពន្យាពេលរហូតដល់សប្តាហ៍ក្រោយវិញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: