អន្តរជាតិ

ភ្នំភ្លើងដ៏ធំមួយនៅឥណ្ឌូនេស៊ីបានផ្ទុះឡើងម្តងទៀត បង្កឲ្យមានផេះហោះទៅកាន់បរិយាកាសក្នុងកម្ពស់ប្រមាណជា ៥ គីឡូម៉ែត្រ

BY
Pheakdey
March 3, 2021

ឥណ្ឌូនេស៊ី៖ សារព័ត៌​មាន Channel News Asia បានរាយការណ៍ថា មានករណីភ្នំភ្លើងដ៏ធំមួយនៅប្រទេសឥណ្ឌូនេស៊ីបានផ្ទុះឡើងនិងបានបង្កឲ្យមានផេះហោះទៅកាន់បរិយាកាសក្នុងកម្ពស់ប្រមាណជា ៥ គីឡូម៉ែត្រ។ ប្រភពខាងលើបានបន្តថា ភ្នំភ្លើងមួយនេះមានឈ្មោះថា Sinabung មានទីតាំងស្ថិតនៅក្នុងខេត្ត North Sumatra និងធ្លាប់បានផ្ទុះម្តងរួចមកហើយកាលពីអំឡុងខែសីហាឆ្នាំមុននេះ។ បើទោះជាធ្លាប់ផ្ទុះម្តងហើយក្តី តែភ្នំភ្លើងដ៏ធំមួយនេះនៅតែផ្ទុះជាថ្មីម្តងទៀតហើយការផ្ទុះលើកនេះគឺជាការផ្ទុះទ្រង់ទ្រាយធំទៀតផង។

យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយបានបញ្ជាក់ថា មានជនរងគ្រោះដោយសារការផ្ទុះភ្នំភ្លើងនេះនៅឡើយទេ ព្រោះតែពលរដ្ឋឥណ្ឌូនេស៊ីធ្លាប់បានដឹងពីលទ្ធភាពដែលភ្នំភ្លើងអាចផ្ទុះជាថ្មីម្តងទៀតនិងបានត្រៀមការពារខ្លួនទុកជាមុន។ បើទោះជាយ៉ាងនេះក៏ដោយចុះ អាជ្ញាធរឥណ្ឌូនេស៊ីបានជូនដំណឹងឲ្យពលរដ្ឋត្រូវនៅឆ្ងាយពីតំបន់កើតហេតុយ៉ាងតិច ៣ គីឡូម៉ែត្រដើម្បីចៀស ផុតពីផលប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ សូមបញ្ជាក់ជូនថា​ ឥណ្ឌូនេស៊ីជាប្រទេសមួយដែលមានភ្នំភ្លើងច្រើនជាងបណ្តាប្រទេសផ្សេងៗទៀត និងបើគិតត្រឹមពេលនេះឥណ្ឌូនេស៊ីកំពុងមានភ្នំភ្លើងប្រហែលជា ១៣០ ទៀតដែលអាចនឹងផ្ទុះក្នុងពេលខាងមុខ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: