អន្តរជាតិ

ថៃកំពុងសិក្សាពីការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ ក្នុងចំណោមពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងរួច ដើម្បីអាចធ្វើដំណើរចេញ-ចូលក្រៅប្រទេសបានស្រួល

BY
Pheakdey
March 3, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងសិក្សាអំពីលទ្ធភាពនៃការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ នៅក្នុងពេលអនាគតខាងមុខនេះ។ ប្រភពបានបន្តថា កាលពីថ្ងៃអង្គារ ទី ២ កុម្ភៈម្សិលមិញនេះ លោកនាយរដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចេញបទបញ្ជារួចរាល់ហើយឲ្យក្រសួងការបរទេសថៃសិក្សាអំពីការទទួលស្គាល់និងប្រើប្រាស់ជាផ្លូវការនូវលិខិតឆ្លងដែនកូវីដ ១៩ សម្រាប់ពលរដ្ឋដែលត្រូវធ្វើដំណើរចេញចូលក្នុងបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ សូមបញ្ជាក់ថា លិខិតឆ្លងដែនកូវីដ ១៩ គឺជាលិខិតបញ្ជាក់ថាពលរដ្ឋណាម្នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ រួចរាល់ហើយ ដូចនេះពួកគេអាចធ្វើដំណើរទៅក្រៅប្រទេសបានដោយគ្មានការបារម្ភអំពីការចម្លងជំងឺកូវីដ ១៩ នោះទេ។

តាមគម្រោងប្រទេសសំខាន់ៗមួយចំនួនដែលថៃចង់ឲ្យមានកិច្ចសហប្រតិបត្តិការណ៍ប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ ជាមួយគ្នានោះមានដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប។ យ៉ាណាក្តី នាពេលកន្លងមកគម្រោងនៃការប្រើប្រាស់លិខិតឆ្លងដែនកូវីដ ១៩ នេះក៏ធ្លាប់ត្រូវបានក្រុមបុគ្គលិកជំនាញផ្នែកសុខាភិបាលរិះគន់អំពីប្រសិទ្ធភាពរបស់វាផងដែរ ព្រោះវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលពលរដ្ឋជាច្រើននៅជុំវិញពិភពលោកបានចាក់នៅពេលនេះមិនទាន់មានប្រសិទ្ធភាព ១០០% នោះទេ ដូចនេះវាក៏មិនអាចធានាថា អ្នកដែលបានកាន់លិខិតឆ្លងដែននេះមានសុវត្ថិភាព ១០០% ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: