អន្តរជាតិ

ប៉ូលិសបង្ក្រាបបាតុកម្មម្នាក់នៅក្នុងទីក្រុងបាងកកបានតេស្តវិជ្ជមានជំងឺកូវីដ ១៩

BY
Pheakdey
March 5, 2021

ថៃ៖ ប៉ូលិសបង្ក្រាបបាតុកម្មម្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានឆ្លងជំងឺកូវីដ ១៩ បន្ទាប់ពីគាត់បានទៅធ្វើតេស្តនៅថ្ងៃអង្គារ ទី ២ និងបានដឹងលទ្ធផលវិជ្ជមាននៅថ្ងៃ ពុធ ទី ៣ មិនា កន្លងទៅនេះ។ ប៉ូលិសរូបនេះមានឈ្មោះថា Somyot Nuamcharoen ធ្លាប់មានប្រវត្តិទៅលេងស្រុកកំណើតនៅក្នុងខេត្តសាមុតសាខន កាលពីថ្ងៃទី ១៨ កុម្ភៈ កន្លងទៅ ពោលគឺចំពេលដែលរលកទី ២ នៃជំងឺកូវីដ ១៩ កំពុងរាតត្បាតនៅក្នុងខេត្តមួយនេះផងដែរ។

ប្រភពខាងលើបន្តថា ក្នុងពេលទៅលេងស្រុកកំណើតនោះ លោក Somyot Nuamcharoen បានទៅជួបជុំមិត្តភក្តិនិងសាច់ញាតិជាច្រើននាក់និងច្រើនកន្លែងផ្សេងគ្នាមុនពេលត្រលប់មកធ្វើការងារនៅក្នុងទីក្រុងបាងកកវិញ ហើយគេជឿថាពេលនោះហើយដែលគាត់បានឆ្លងជំងឺកូវីដ ១៩​ នោះ។ ការរកឃើញលទ្ធផលវិជ្ជមានចំពោះប៉ូលិសរូបនេះបានបង្កើនក្តីបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងទីក្រុងបាងកក ព្រោះក្នុងពេលទៅបង្រ្កាបក្រុមបាតុករនោះ លោក Somyot Nuamcharoen បានប៉ះពាល់យ៉ាងជិតស្និតជាមួយក្រុមប៉ូលិសគ្នាឯង និងក្រុមបាតុករជាច្រើននាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: