អន្តរជាតិ

ម៉ាឡេស៊ីរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ ទម្រង់ថ្មីជាលើកដំបូង

BY
Pheakdey
March 7, 2021

ម៉ាឡេស៊ី៖ ជំងឺកូវីដ ១៩ ទម្រង់ថ្មីបានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកដំណើរបរទេសម្នាក់មកពីប្រទេសអារាប់រួម ហើយលទ្ធផលតេស្តវិជ្ជមានរបស់គាត់ត្រូវបានរកឃើញកាលពីថ្ងៃសុក្រ ទី ៥ មិនា កន្លងទៅ។ បើតាមលោកវេជ្ជបណ្ឌិត Noor Hisham Abdullah បានបញ្ជាក់ឲ្យដឹងថា ជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះគឺជាមេរោគប្រភេទ B.1.525 ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសនីហ្សេរីយ៉ានិងប្រទេសអង់គ្លេសកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ។

សូមរម្លឹកថា មេរោគនៃជំងឺកូវីដ ១៩ ប្រភេទ B.1.525 គឺជាមេរោគបំប្លែងខ្លួនពីកោសិកាមេរោគចាស់ ហើយវាអាចឆ្លងរាតត្បាតលឿននិងបង្កគ្រោះថ្នាល់ដល់ជនរងគ្រោះធ្ងន់ធ្ងរជាងមេរោគជំងឺកូវីដ ១៩ ចាស់។ ការរកឃើញមេរោគជំងឺកូវីដ ១៩ ទម្រង់ថ្មីនេះ បានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ព្រោះបើវាបានឆ្លងចូលទៅក្នុងសហគមន៍គឺគេនឹងពិបាកគ្រប់គ្រងស្ថានភាពរាតត្បាតណាស់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៣០៧ ៩៤៣ ករណី និងស្លាប់ចំនួន ១ ១៥៣ ករណីផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: