អន្តរជាតិ

ប៉ូលីសមីយ៉ាន់ម៉ាមួយចំនួនសុខចិត្តភៀសខ្លួនទៅប្រទេសឥណ្ឌា ដើម្បីគេចចេញពីការបញ្ជាឱ្យមានការបង្ក្រាបយ៉ាងឃោឃៅមកលើក្រុមបាតុករ

BY
Pheakdey
March 8, 2021

យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា មានប៉ូលីសមីយ៉ាន់ម៉ាមួយចំនួន បានសម្រេចភៀសខ្លួនចេញពីប្រទេសកំណើតទៅកាន់ប្រទេសឥណ្ឌា​ ដើម្បីគេចចេញពីការអនុវត្តភារកិច្ចបង្ក្រាបក្រុមបាតុករ តាមបញ្ជារបស់របបដឹកនាំផ្តាច់ការយោធា។ មន្ត្រីប្រចាំការនៅព្រំដែនឥណ្ឌាម្នាក់បានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននេះមានមន្ត្រីប៉ូលីសមីយ៉ាន់ម៉ា​ប្រមាណជា ៣០នាក់ បានសម្រេចបោះបង់ចោលការងាររបស់ពួកគេ និងបាននាំគ្រួសារភៀសខ្លួនចូលទៅរស់នៅក្នុងរដ្ឋ Mizoram ភាគខាងជើងនៃប្រទេសឥណ្ឌា។

ភាគីខាងប្រទេសឥណ្ឌាបានឲ្យដឹងថា អាជ្ញាធរឥណ្ឌានឹងផ្តល់អត្តសញ្ញាណជាជនភៀសខ្លួនស្របច្បាប់ដល់ក្រុមប៉ូលីសទាំងអស់នោះ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលបានចូលមកដល់ក្នុងទឹកដីឥណ្ឌារួចហើយ តែឥណ្ឌានឹងបិទច្រកព្រំដែនមិនទទួលជនភៀសខ្លួនមីយ៉ាន់ម៉ាបន្តទៀតនោះទេ។ គួររម្លឹកជូនថា ការសម្រេចរត់ចោលប្រទេសកំណើតរបស់ក្រុមប៉ូលីសមីយ៉ាន់ម៉ាទាំងនេះ ត្រូវបានធ្វើឡើងក្រោយមីយ៉ាន់ម៉ាបានឆ្លងកាត់សប្តាហ៍ដ៏អាក្រក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ពោលគឺមានសប្តាហ៍ខ្លះយោធាបានបាញ់សម្លាប់បាតុករជាបន្តបន្ទាប់អស់ប្រមាណជា ៤០ នាក់។

ក្រៅតែមានអ្នកស្លាប់ក៏មានពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ និងត្រូវចាប់ខ្លួនផងដែរ ហើយរបបផ្តាច់ការយោធាបានប្រកាសថា នឹងបង្រ្កាបចលនាប្រឆាំងតវ៉ាគ្រប់រូបភាពបើប្រជាពលរដ្ឋមិនព្រមបញ្ឈប់សកម្មភាពរបស់ពួកគេនោះទេ ខណៈខាងពលរដ្ឋវិញ ហាក់មិនខ្លាចនឹងការគំរាមរបស់ក្រុមយោធាឡើយ ហើយពួកគេនៅតែបន្តសកម្មភាពតវ៉ាដោយឈរលើជំហរបស់ពួកគេជានិច្ច៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail

Share This Post: