ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចោរប្លន់ហាងលក់គ្រឿងអលង្ការក៏កក្រើកម្នាក់នៅប្រទេសថៃ ប្លន់បានជោគជ័យហើយ បែរជាបញ្ចប់ជីវិតខ្លួនឯងទៅវិញដោយមិនដឹងមូលហេតុ

    BY Pheakdey March 9, 2021
    ចោរប្លន់ហាងលក់គ្រឿងអលង្ការក៏កក្រើកម្នាក់នៅប្រទេសថៃ ប្លន់បានជោគជ័យហើយ បែរជាបញ្ចប់ជីវិតខ្លួនឯងទៅវិញដោយមិនដឹងមូលហេតុ

    ថៃ៖ ចោរប្លន់ហាងលក់គ្រឿងអលង្ការក៏កក្រើកម្នាក់នៅក្នុងប្រទេសថៃត្រូវបានសារព័ត៌មាន បាងកកប៉ុស្តិ៍ រាយការណ៍ថា រូបគាត់បានបាញ់សម្លាប់ខ្លួនឯងហើយ ខណៈមូលហេតុនៃការធ្វើអត្តឃាតនេះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ គួររម្លឹកជូនថា ចោរប្រដាប់អាវុធដែលមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណរូបនេះបានធ្វើសកម្មភាពប្លន់ហាងលក់គ្រឿងអលង្ការមួយកន្លែងក្នុងខេត្ត Khon Kaen នៃប្រទេសថៃតែម្នាក់ឯង ហើយនៅក្នុងសកម្មភាពប្លន់នោះរូបគាត់បានប្រមូលយកលុយសុទ្ធប្រមាណជា ១ លានបាត (៣២ ៣៧៥ ដុល្លារអាមេរិក) និងគ្រឿងអលង្ការជាមាសមួយចំនួនទៀតដែលមានទម្ងន់សរុបជិត ២០ ដំឡឹង។

    ប្រភពខាងលើបាបន្តថា បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ដោយជោគជ័យរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងក្រោយ​មកទើបខាងអាជ្ញាធរថៃស៊ើបដឹងថា រូបគាត់បានទៅសម្ងំលាក់ខ្លួននៅក្នុងរមណីយដ្ឋានមួយកន្លែងនៅក្នុងខេត្ត Phetchaburi។ ខណៈពេលដែលអាជ្ញាធរកំពុងតែរៀបចំផែនការដើម្បីទៅចាប់ខ្លួនជនសង្ស័យនោះ ស្រាប់តែគេបានទទួលដំណឹងថាជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងបាត់ទៅហើយ។ ពេលនេះខាងអាជ្ញាធរថៃកំពុងបន្តការស៊ើបអង្កេតជុំវិញករណីនេះដើម្បីឲ្យដឹងច្បាស់ថា មានមូលហេតុចម្បងអ្វីបានជាជនសង្ស័យសម្រេចចិត្តបាញ់សម្លាប់ខ្លួនដូចនេះទាំងអាជ្ញាធរមិ​នទាន់បានទៅចាប់ខ្លួនគាត់ផង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: