ខ្មែរណូត

ស្វែងរក

  • ចរាចរណ៍

    នារីរូបស្រស់ម្នាក់ បើករថយន្តហាយប្រ៊ីត07 ទៅបុកម៉ូតូយុវជន៣នាក់ ខ្ទាតប៉ើងបោកនឹងថ្នល់រងរបួសធ្ងន់ស្រាល មិនឈប់ដោះស្រាយ បែរជាបើករត់យកឡានទៅទុកចោលក្នុងហាងសម្រស់កោះនរាហ៍ រួចចុះរត់បាត់

    BY Khmernote Media March 9, 2021
    នារីរូបស្រស់ម្នាក់ បើករថយន្តហាយប្រ៊ីត07 ទៅបុកម៉ូតូយុវជន៣នាក់ ខ្ទាតប៉ើងបោកនឹងថ្នល់រងរបួសធ្ងន់ស្រាល មិនឈប់ដោះស្រាយ  បែរជាបើករត់យកឡានទៅទុកចោលក្នុងហាងសម្រស់កោះនរាហ៍ រួចចុះរត់បាត់

    រាជធានីភ្នំពេញ៖ យុវជន៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈពេលចេញពីលេងបាល់ ក៏ជិះម៉ូតូឌុបគ្នាត្រលប់ទៅផ្ទះ ក៏ត្រូវនារីម្នាក់បើករថយន្តកាម៉ារីហាយប្រ៊ីតមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យដួលអូសនឹងថ្នល់ជាច្រើនម៉ែត្រ ហើយរថយន្តមិនព្រមឈប់ទេបានបើករត់ចូលទៅទុកចោលនៅកន្លែងចតរថយន្ត ក្នុងភោជនីយដ្ឋានសម្រស់កោះនរាហ៍ ហើយនារីម្ចាស់រថយន្តបានគេចខ្លួនបាត់ស្រមោលនេះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧៖០៥នាទីយប់ ថ្ងៃចន្ទ ទី០៨ ខែមីនា ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិកោះនរាហ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីមិត្តភ័ក្តជនរងគ្រោះបានប្រាប់ឱ្យអ្នកយកព័ត៍មានខ្មែរណូតយើងថា នៅមុនពេលកើតហេតុ មិត្តភក្កិរបស់ខ្លួនទាំងបីនាក់ខាងលើ ទើបចេញពីលេងបាល់ជាមួយគ្នា នៅចុងភូមិកោះនរាហ៍ ហើយពួកគេក៏បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IG-0114 ឌុបគ្នាបីនាក់ ដោយប្រាប់ថាចេញទៅផ្ទះមុន ដោយផ្ទះរបស់ពួកគេនៅក្នុងភូមិតែមួយ ស្ថិតនៅជិតវត្តប្រជុំវង្ស ខណៈពេលធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មមមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកកាមរីហាយប្រ៊ីត (CAMRY Hybrid) ស៊េរីឆ្នាំ ២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BC-7188 បើកបរដោយនារីរូបស្រស់ម្នាក់ បានបើកបរតាមបណ្តោយផ្លូវបេតុង ទិសដៅបញ្ច្រាសគ្នាពីត្បូងមកជើង ក្នុងល្បឿនលឿន ស្រាប់តែឃើញជ្រុលទៅបុកជាមួយម៉ូតូខាងលើ បណ្ដាលឲ្យភាគីខាងម៉ូតូ ម្នាក់ខ្ទាតផ្លោងបោកនឹងថ្នល់ និង២នាក់ទៀតខ្ទាតប្លោងដល់មុខទ្វារផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ទាំងបីនាក់ដេកដួលនៅកន្លែងកើតហេតុតែម្ដង។ ប្រភពបន្តថា ភ្លាមៗនោះរថយន្តមិនបានឈប់ចុះមកដោះស្រាយទេ បែរជាបន្ថែមល្បឿនបើករត់ចេញពីកន្លែងកើតហេតុ យកទៅទុកចោលនៅចំណតរថយន្ត ក្នុងភោជនីយដ្ឋានសម្រស់កោះនរាហ៍ ចម្ងាយពីកន្លែងកើតហេតុ ប្រហែល២៥០ម៉ែត្រ ហេីយនារីរូបស្រស់ដែលជាអ្នកបើកបររថយន្តបានចុះពីលើរថយន្ត រួចប្រគល់សោររថយន្តទៅអោយបុរសម្នាក់ទៀតរក្សាទុកហើយប្រញាប់ប្រញាល់គេចខ្លួនបាត់ទៅ ដោយភ្លេចកាបូបដៃមួយ ក្នុងរថយន្តរបស់ខ្លួនផងដែរ។

    ប្រភពបន្តថា បន្ទាប់ពីឃើញរថយន្តបើករត់យកទៅទុកក្នុង ភោជនីយដ្ឋានខាងលើ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍និរោធ សហការជាមួយផ្នែក វាស់វែងចរាចរណ៍ ខណ្ឌច្បារអំពៅ ចុះមកពិនិត្យមើលផងដែរ ដោយឃើញរថយន្តមានការខូចខាត ផ្នែកខាងឆ្វេង កង់ខាងមុខ តែមិនឃើញអ្នកបើកបរឡើយ តែបន្តិចក្រោយមកក៏លេចមុខបុរស២នាក់ ដោយម្នាក់ជាអ្នកកាន់សោរថយន្ត បានដើរទៅចាក់សោរ រកកាបូបដៃក្នុងរថយន្តយកទៅអោយនារីម្ចាស់រថយន្តវិញ។ តែត្រូវបានសមត្ថកិច្ចសួរនាំ ហើយចង់យកអ្វីចេញពីក្នុងរថយន្ត សូមយកមកដាក់បង្ហាញនៅចំពោះមុខសមត្ថកិច្ចបានឃើញផង ទើបបុរសរូបនោះបើកទ្វាររកមើលកាបូបដៃនោះ រួចយកមកឆែកពិនិត្យមើល ឃើញមានលុយដុល្លារ ១០០ដុល្លារ, កាត ABA និងអត្តសញ្ញាណប័ណ្ឌ និងប័ណ្ឌបើកបររថយន្តប្រភេទ “ខ-B” និងកាតគ្រីរថយន្ត ដែលមានឈ្មោះ សួន ចាន់ម៉ារីយ៉ា (SUON CHANMARIYA) ភេទស្រី អាយុ២៤ឆ្នាំ មានអាស័យដ្ឋាន ផ្ទះលេខបេ១៦ ផ្លូវ២៧១ ភូមិ២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំពោះកាតគ្រី អត្តសញ្ញាណប័ណ្ណ និងប័ណ្ឌបើកបរ ត្រូវសមត្ថកិច្ចដកហូត យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីធ្វើកំណត់ហេតុ រួចយករថយន្តបង្ក ត្រលប់ទៅកន្លែងកើតហេតុវិញ ដើម្បីពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពផងដែរ ។

    បច្ចុប្បន្ន សមត្ថកិច្ចបានយកមធ្យោបាយដែលពាក់ព័ន្ធ មានរថយន្តនិងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: