បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿន អោនក្អួតទាំងកំពុងបើកបរ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកនឹងថ្នល់បាត់បង់ជីវិត
រាជធានីភ្នំពេញ៖ រន្ធត់ណាស់! បុរសមាឌធំម្នាក់ជាបុគ្គលិកផ្នែកលក់រថយន្តក្រុមហ៊ុន V-Auto បានស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន និងឱនក្អួតទាំងកំពុងបើកបរ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួលបោកនិងថ្នល់តែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖១០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ នៅលើកំណាត់ផ្លូវ២៧១ កែងផ្លូវលេខ៤៨០ ក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ នួន ឆវ័ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ផ្នែកលក់រថយន្ត ឃ្លាំងទិញ-លក់រថយន្ត V-Auto (ឃ្លាំងលេខ 287) ទីកន្លែងកំណើតផ្ទះលេខហ្សេអេហ្វអឺ០ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងជិះម៉ូតូម៉ាកហុងដាស្កុបពី (Honda Scoopy) ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IO-7953 ។
បើតាមសម្ដីបុរសសន្តិសុខយាមក្បែរកន្លែងកើតហេតុដែលបានឃើញហេតុការណ៍នេះបានប្រាប់មកកាន់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ Scoopy តែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង(ពីមន្ទីរពេទ្យរុស្សីឆ្ពោះមកកាន់ក្បាលថ្នល់) ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសរូបនោះ ឱនក្អួតទាំងកំពុងបើកបរ ក្នុងល្បឿនលឿនផង ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យម៉ូតូដួលអូសជិត១០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទេចបោកផ្ទប់របាំងថ្ម រងរបួសធ្ងន់ធ្ងរ ដេកស្ដូកស្ដឹងកណ្ដាលផ្លូវ បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកដំណើរបានឃើញ ជួយទាក់ទងហៅឡានពេទ្យមកដឹកជនរងគ្រោះយកទៅសង្គ្រោះ តាមរយៈរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន “ពន្លឺ” ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដើម្បីសង្គ្រោះជីវិត តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានទេ ដោយជនរងគ្រោះបានបាក់.ក និងបែបថ្លើម ស្លាប់បាត់ទៅហើយ រួចក៏ដឹកត្រលប់មកកន្លែងកើតហេតុ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ និងស្រាវជ្រាវរសាច់ញាតិជនរងគ្រោះផងដែរ។
បច្ចុប្បន្នក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងទំពន់ទី១ សហការជាមួយមន្ត្រីផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ ចុះទៅធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន និងទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលសពចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕













ដោយ៖ បងម៉េង ខ្មែរណូត