លោកប្រាយុទ្ធ ចាន់អូចា និយាយពាក្យសុំទោសទៅកាន់ក្រុមអ្នកកាសែតចំពោះសកម្មភាពដែលគាត់បានយកទឹកអាកុលបាញ់ដាក់ពួកគេ
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយពាក្យសុំទោសទៅកាន់ក្រុមអ្នកសារព័ត៌មានចំពោះសកម្មភាពដែលគាត់បានយកទឹកអាកុលលាងដៃទៅបាញ់លើក្រុមអ្នកសារព័ត៌មានកាលពីប៉ុន្មានថ្ងៃមុននេះ។ គួរម្លឹកជូនថា កាលពីដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីថៃបានអញ្ជើញទៅចូលរួមក្នុងកម្មពិធីសន្និសិទ្ធកាសែតមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ជាពេលដែលមានអ្នកកាសែតជាច្រើនបាននាំគ្នាសួរគាត់អំពីលទ្ធភាពនៃការរុះរើសមាជិកគណៈរដ្ឋមន្ត្រីថៃ ខណៈពេលនោះដែរលោកក៏បានយកទឹកអាកុលបាញ់ទៅកាន់ក្រុមអ្នកសារព័ត៌មានជំនួសឲ្យការឆ្លើយតបនឹងសំនួរបស់ពួកគេ។

ឥរិយាបថខាងលើនេះត្រូវបានក្រុមអ្នកសារព័ត៌មានជាច្រើនថតជាវីដេអូនិងរូបភាពជាច្រើនសន្លឹក ហើយបានយកទៅចុះផ្សាយយ៉ាងព្រោងព្រាតតាមបណ្តាញសារព័ត៌មាននិងបង្ហោះពេញបណ្តាញសង្គមទៀតផង។ សារព័ត៌មានខ្លះបានចុះផ្សាយថាលោកនាយករដ្ឋមន្ត្រីតែងមានឥរិយាបថប្លែកៗចំពោះក្រុមអ្នកការសែត ដែលគេមិនអាចរំពឹងទុកមុនបាននោះទេ។ សារព័ត៌មានខ្លះបានរម្លឹកថា កាលពីឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រីថៃធ្លាប់បានយកសម្បកចេកទៅបោះដាក់កាមេរ៉ាអ្នកកាសែតទៀតផង ដើម្បីជាការឆ្លើយតបទៅហ្នឹងការចោទសួររបស់ក្រុមអ្នកកាសែត។ យ៉ាងណាក្តី សម្រាប់សកម្មភាពបាញ់ទឹកអាកុលនេះវិញ លោកប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា គាត់គ្រាន់តែលេងសើចជាមួយនឹងក្រុមអ្នកកាសែតតែប៉ុណ្ណោះ គាត់គ្មានបំណងអ្វីអាក្រក់ចំពោះពួកគេនោះទេ ហើយគាត់ក៏សុំទោសពួកគេដែរ ព្រោះគាត់បានលេងសើចជ្រុលបន្តិចហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger