ម៉ាឡេស៊ីនឹងពិន័យអ្នកចែកចាយព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាកូវីដ១៩ ជាប្រាក់ជាង ២ ម៉ឺនដុល្លារ និងអាចជាប់គុករហូតដល់ ៣ ឆ្នាំ
ម៉ាឡេស៊ី៖ ខណៈដែលរដ្ឋាភិបាលនៃប្រទេសនីមួយៗកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩ មិនដកដៃនោះ មានជនខិលខូចមួយចំនួនបានឆ្លៀតឱកាសបង្កើតនិងចែកចាយព័ត៌មានក្លែងក្លាយ ឬប្រឌិដ្ឋដំណឹងបន្ទាន់ណាមួយដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ខណៈព័ត៌មានក្លែងក្លាយទាំងនោះបានធ្វើឲ្យសាធារណៈជនមានការភ័ន្តច្រឡំនិងបំពុលបរិយាកាសសង្គមយ៉ាងខ្លាំង។ ដើម្បីឆ្លើយតបនឹងសកម្មភាពបែបអវិជ្ជមាននេះ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីបានដាក់ចេញនូវវិធានការតឹងរឹងថ្មីមួយដោយបានកំណត់ថា ជនណាដែលបានបង្កើត ផ្សព្វផ្សាយ ចែកចាយនូវព័ត៌មានក្លែងក្លាយឬប្រឌិដ្ឋដំណឹងបន្ទាន់ទាក់ទងបញ្ហានៃជំងឺកូវីដ ១៩ គឺត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ១០០ ០០០ រីងហ្គីត (២៤ ២៨៤ ដុល្លារអាមេរិក) ឬជាប់គុគចំនួន ៣ឆ្នាំ ឬអាចទទួលទោសទាំងការផាកពិន័យនិងជាប់គុកព្រមគ្នាតែម្តងអាស្រ័យទៅតាមទំហំបទល្មើស។

បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា វិធានការដ៏តឹងរឹងនេះត្រូវបានផ្តើមអនុវត្តនៅក្នុងប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី ១២ ខែ មីនានេះតទៅហើយ ។ ប្រភពខាងលើបានបន្តថា វិធានការថ្មីនេះមានលក្ខណៈធ្ងន់ធ្ងរជាងវិធានការចាស់ទ្វេដង ដោយនៅក្នុងវិធានការចាស់ប្រាក់ផាកពិន័យមានត្រឹមតែ ៥០ ០០០ រីងហ្គីត (១២ ១៤២ ដុល្លារអាមេរិក) ហើយរយៈពេលនៃជាប់គុកមានត្រឹមតែ ១ ឆ្នាំប៉ុណ្ណោះ។ តាមរយៈការអនុវត្តវិធានការថ្មីនេះគេសង្ឃឹមថា ព័ត៌មានក្លែងក្លាយបែបបំពុលសង្គមនឹងអាចកាត់បន្ថយបានយ៉ាងច្រើននៅទូទាំងប្រទសម៉ាឡេស៊ី៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz