ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងអនុវត្តវិធានការធ្វើចត្តាឡីស័កត្រឹមតែ ៧-១០ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍អន្តជាតិចាប់ពីថ្ងៃទី ១ ខែមេសានេះហើយ

    BY Pheakdey March 15, 2021
    ថៃនឹងអនុវត្តវិធានការធ្វើចត្តាឡីស័កត្រឹមតែ ៧-១០ថ្ងៃ សម្រាប់ភ្ញៀវទេសចរណ៍អន្តជាតិចាប់ពីថ្ងៃទី ១ ខែមេសានេះហើយ

    ថៃ៖ ក្រសួងទេសចរណ៍និងកីឡានៃប្រទេសថៃបានប្រកាសឲ្យដឹងថា ថៃនឹងផ្តើមអនុវត្តវិធានការធ្វើចត្តាឡីស័កក្នុងរយៈខ្លីចាប់ពីថ្ងៃទី ១ ខែ មេសា នេះតទៅហើយ ដោយវិធានការថ្មីនេះនឹងត្រូវអនុវត្តក្រោមលក្ខខណ្ឌកំណត់មួយចំនួនផងដែរ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា លក្ខខណ្ឌដែលអាជ្ញាធរថៃនឹងដាក់ឲ្យអនុវត្តនោះមានដូចជា សម្រាប់ភ្ញៀវទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចរាល់គឺតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ហើយបន្ទាប់ពីធ្វើចត្តាឡីស័ករួច ពួកគេអាចធ្វើដំណើរទៅកំសាន្តទៅគ្រប់បណ្តាខេត្តនិងតំបន់កំសាន្តសំខាន់ៗក្នុងប្រទេសថៃ។

    ដោយឡែកសម្រាប់អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងវិញគឺតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១០ ថ្ងៃ ហើយភ្ញៀវទេសចរណ៍ប្រភេទនេះអាចធ្វើដំណើរទៅកំសាន្តបានតែក្នុងតំបន់សុវត្ថិភាពដែលកំណត់ដោយអាជ្ញាធរថៃតែប៉ុណ្ណោះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យត្រលប់មកកំសាន្តនៅក្នុងប្រទេសថៃដូចធម្មតាវិញ ដ្បិតវិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃ។

    យ៉ាងណាក្តី មានមតិជាច្រើនបានលើកឡើងថា តើការខិតខំរបស់រដ្ឋាភិបាលថៃនៅពេលនេះអាចមានប្រសិទ្ធភាពខ្ពស់ដែរទេ ព្រោះថាបើទោះជាអាជ្ញាធរថៃបានកាត់បន្ថយចំនួនធ្វើចត្តាឡីស័កក៏ដោយក្តី តែជារួមការធ្វើដំណើរកំសាន្តរបស់ក្រុមភ្ញៀវទេសចរណ៍នៅតែមានភាពស្មុកស្មាញជាងធម្មតាដែរ ហើយវាគឺជាបញ្ហាមួយដែលធ្វើឲ្យអ្នកដំណើរមិនចង់ចេញទៅណាឡើយ ព្រោះដំណើរសំសាន្តរបស់ពួកគេនឹងត្រូវប្រើពេលវេលាយូរជាងធម្មតានិងចំណាយប្រាក់ច្រើនជាងធម្មតាផងដែរ។ បើទោះជាមានការលើកឡើងយ៉ាណាក៏ដោយចុះតែរដ្ឋាភិបាលថៃនៅតែសង្ឃឹមថា ការអនុវត្តវិធានការខាងលើនេះគឺជាជំហ៊ានដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ហើយបើអ្វីៗអាចបន្តដំណើរការដោយរលូតនោះគឺនៅក្នុងខែតុលាខាងមុខនេះថៃអាចនឹងបើកច្រកព្រំដែនប្រទេសជាធម្មតាវិញតែម្តង ពោលគឺមិនតម្រូវឲ្យភ្ញៀវទេសចរណ៍ចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: