នាយករដ្ឋមន្ត្រីថៃទៅចាក់វ៉ាក់សាំង AstraZeneca វិញនៅថ្ងៃនេះ បន្ទាប់ពីថៃប្រកាសផ្អាកចាក់វ៉ាក់សាំងប្រភេទនេះកាលពីសបា្តហ៍មុន
ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន The Thaiger បានឲ្យបញ្ជាក់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នឹងអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ជាថ្មីម្តងទៀតនៅក្នុងថ្ងៃអង្គារ ទី ១៦ មីនានេះ បន្ទាប់ពីគម្រោងចាក់វ៉ាក់សាំងរបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុននេះត្រូវបានលុបចោលភ្លាមៗព្រោះមានរឿងចម្រូងសម្រាសទាក់ទងនឹងផលប៉ះពាល់នៃវ៉ាក់សាំងត្រូវបានផ្ទុះឡើង។ គេនៅចាំបានថា កាលពីសប្តាហ៍មុននេះមានបណ្តាលប្រទេសជាច្រើននៅតំបន់អឺរ៉ុបនិងរួមទាំងប្រទេសថៃផង បានប្រកាសផ្អាកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជូនប្រជាពលរដ្ឋ ព្រោះគេបានរកឃើញថា អ្នកដែលទទួលបានវ៉ាក់សាំងនេះរួចអាចប្រឈមនឹងការកើតមានបញ្ហាកកឈាមយ៉ាងឆាប់រហ័ស។

យ៉ាងណាក្តី ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានចេញមកអះអាងថា វ៉ាក់សាំងរបស់ខ្លួនគ្មានផលប៉ះពាល់នោះទេ តែអ្វីដែលជាបញ្ហានោះគឺដោយសាអ្នកមកទទួលវ៉ាក់សាំងមានបញ្ហាសុខភាពខ្លួនឯងស្រាប់និងព្យាយាមលាក់បាំងរឿងនេះទៅកាន់ក្រុមគ្រូពេទ្យដើម្បីទទួលបានវ៉ាក់សាំង ឬពេលខ្លះពួកគេមានសុខភាពទ្រុឌទ្រោមណាស់ទៅហើយក្នុងការទទួលបានវ៉ាក់សាំងតែក្រុមគ្រូពេទ្យមិនបានពិនិត្យសុខភាពពួកគេឲ្យល្អិតល្អន់នោះទេមុនពេលចាក់ ហើយជាលទ្ធផលទើបត្រូវធ្វើឲ្យពួកគេកើតមានប្រតិកម្មតែម្តងក្រោយទទួលបានវ៉ាក់សាំង។ ស្របពេលដែលប្រទេសមួយចំនួនបានផ្អាកយុទ្ធនាការចាក់វ៉ាក់សាំងនោះ ក៏នៅមានជាច្រើនទៀតនៅតែបន្តចាក់វ៉ាក់សាំង AstraZeneca ជូនពលរដ្ឋដដែល ព្រោះពលរដ្ឋនៅក្នុងប្រទេសទាំងនោះពុំបានកើតមានប្រតិកម្មណាមួយឡើយ។ បន្ទាប់ពីបានសិក្សាអំពីហេតុផលទាំងនេះហើយទើបលោកនាយករដ្ឋមន្ត្រីសម្រេចចិត្តទៅចាក់វ៉ាក់សាំង AstraZeneca វិញ ហើយបើតាមគម្រោងការចាក់វ៉ាក់សាំងរបស់គាត់នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger