លោកនាយករដ្ឋមន្ត្រីថៃបានចាក់វ៉ាក់សាំង AstraZeneca ដូសទី ១ ជាផ្លូវការហើយ
ថៃ៖ ទីបំផុតទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រភេទ AstraZeneca ដូសទី ១ រួចរាល់តាមការគ្រោងទុកហើយ កាលពីម៉ោងប្រមាណជា ១០ ព្រឹកមិញនេះ។ សារព័ត៌មានអេឡិចត្រូនិចរបស់ថៃ The Thaiger បានឲ្យដឹងថា ការចាក់វ៉ាក់សាំងជូនលោកនាយករដ្ឋមន្ត្រីថៃត្រូវបានរៀបចំឡើងនៅឯវិមានរដ្ឋាភិបាលថៃក្នុងទីក្រុងបាងកក ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃជាច្រើនរូបផងដែរ។ ក្រោយចាក់វ៉ាក់សាំងជូននាយកដ្ឋមន្ត្រីរួច អាជ្ញាធរសុខាភិបាលថៃបានប្រកាសចាត់ទុកព្រឹត្តិការណ៍នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់ប្រទេសថៃ និងជាភស្តុតាងមួយសម្រាប់លុបបំបាត់នូវរាល់ព័ត៌មានបែបអវិជ្ជមានមួយចំនួនចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងដែលបានផ្ទុះឡើងនាពេលកន្លងមកផងដែរ។

គួររម្លឹកជូនថា លោកនាយករដ្ឋមន្ត្រីថៃបានខកខានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពីរលើករួចមកហើយ ដោយកាលពីខែមុនលោកបានខកខានក្នុងការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ព្រោះតែលោកមានអាយុលើសពីលក្ខខណ្ឌក្នុងការទទួលបានវ៉ាក់សាំង ពោលគឺវ៉ាក់សាំងរបស់ចិនអាចចាក់ជូនពលរដ្ឋដែលមានអាយុចន្លោះពី ១៨ ដល់ ៦០ ឆ្នាំប៉ុណ្ណោះ ខណៈរូបគាត់មានអាយុ ៦៦ ឆ្នាំទៅហើយ។ កាលពីថ្ងៃសុក្រសប្តាហ៍មុននេះគម្រោងចាក់វ៉ាក់សាំង AstraZeneca របស់លោកនាយករដ្ឋមន្ត្រីថៃត្រូវបានលុបចោលភ្លាមៗម្តងទៀត ក្រោយកើតមានករណីចម្រូងចម្រាសជុំវិញផលប៉ះពាល់របស់វ៉ាក់សាំង។ យ៉ាងណាក្តី ពេលនេះលោកនាយករដ្ឋមន្ត្រីថៃបានចាក់វ៉ាក់សាំងជាផ្លូវការហើយគឺវ៉ាក់សាំង AstraZeneca ដូសទី ១៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Thaiger