ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃនឹងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីដោយគ្មានការជប់លៀងទ្រង់ទ្រាយធំ និងគ្មានការលេងបាញ់ទឹកដាក់គ្នានោះទេ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    BY Pheakdey March 17, 2021
    ថៃនឹងប្រារព្ធពិធីសង្ក្រាន្តឆ្នាំថ្មីដោយគ្មានការជប់លៀងទ្រង់ទ្រាយធំ និងគ្មានការលេងបាញ់ទឹកដាក់គ្នានោះទេ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩

    ថៃ៖ កាលពីប៉ុន្មានសប្តាហ៍មុននេះរដ្ឋាភិបាលនៃប្រទេសថៃបានប្រកាសយ៉ាងច្បាស់ថា នឹងមិនលុបចោលកម្មពិធីបុណ្យចូលឆ្នាំប្រពៃណីរ​បស់ប្រទេសខ្លួនដូចកាលពីឆ្នាំមុនឡើយ បើទោះជាការរាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងប្រទេសមិនទាន់បានបិទបញ្ចប់ទាំងស្រុងក៏ដោយ។ បើទោះជាមិនលុបចោលកម្មពិធីសង្គ្រាន្តក៏ពិតមែន តែរដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្រុមអ្នកជំនាញកំពុងពិចារណាក្នុងការដាក់ចេញនូវវិធានការចាំបាច់មួយចំនួនអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរហូតមកទល់នឹងថ្ងៃទី ១៦ មីនា នេះក្រសួងវប្បធម៌ថៃបានឲ្យដឹងថា អាជ្ញាធរនឹងធ្វើការហាមឃាត់មិនឲ្យមានការលេងបាញ់ទឹកឬជះទឹកដាក់គ្នាគ្រប់រូបភាព ហាមមិនឲ្យលេងលាបម្សៅដាក់គ្នា ហើយសូម្បីតែការជប់លៀងជួបជុំគ្នាក្នុងចំណោមមនុស្សច្រើនក៏ត្រូវបានហាមឃាត់ផងដែរ។

    យ៉ាងណាក្តី កម្មពិធីបែបប្រពៃណីមួយចំនួនត្រូវបានអនុញ្ញាតដូចជា ការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ស្រង់ទឹកឲ្យរូបសំណាក់ព្រះពុទ្ធរូបនៅក្នុងថ្ងៃស្រង់ព្រះ និងការគោរពប្រតិបត្តិចំពោះមនុស្សចាស់ជាដើម។ អាជ្ញាធរថៃបានបញ្ជាក់ថា ប្រសិនបើគេមិនដាក់ចេញនូវវិធានការតឹងរឹងនេះទេលទ្ធភាពនៃការចម្លងជំងឺកូវីដ ១៩ ចូលទៅក្នុងសហគមន៍តាមរយៈព្រឹត្តិការណ៍ជួបជុំគ្នានេះគឺមានអាត្រាខ្ពស់ខ្លាំងណាស់។ សូមបញ្ជាក់ជូនផងដែរ ថៃនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាករហូតដល់ ៦ ថ្ងៃឯណោះក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងអំឡុងពាក់កណ្តាលខែមេសាខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  បាងកកប៉ុស្តី៍

    Share This Post: