រ៉ឺម៉កដឹកបន្លែបើកបុករថយន្តជនបរទេសម្នាក់ បណ្ដាលឲ្យខូចខាត ម្ចាស់រ៉ឺម៉កដើរចេញបាត់មិនដោះស្រាយ ម្ចាស់រថយន្តខឹងចិត្តហៅគ្នាគ្នីប្រមូលបន្លែនៅក្នុងរ៉ឺម៉កដាក់ចូលឡានរួចជិះគេចទៅបាត់
រាជធានីភ្នំពេញ៖ មានហេតុការណ៍ដ៏គួរឲ្យហួសចិត្តមួយ ដោយមានរ៉ឺម៉ក ដឹកបន្លែ បើកបុកជាមួយរថយន្ត PORSCHE បើកបរដោយបុរសបរទេសម្នាក់ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ មិនដឹងខាងណាបំពានស្តុបទេ សង្ស័យខឹងម្ចាស់រ៉ឺម៉កដើរចេញទៅបាត់មិនឃើញមកវិញ គ្មានអ្នកដោះស្រាយ ទើបម្ចាស់រថយន្តទូរស័ព្ទហៅគ្នាមក យកបន្លែដាក់រថយន្ត FORTUNER មួយគ្រឿងទៀត ហើយបើកចេញទៅបាត់អស់ កាលពីវេលាម៉ោង០៤:០៥នាទីទាបភ្លឺ ចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក លើផ្លូវព្រះមុនីវង្ស កែងផ្លូវ៤៨៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមសម្ដីសន្តិសុខម្នាក់ដែលជាអ្នកយាមក្រុមហ៊ុនមួយក្បែរកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់បើករ៉ឺម៉កកង់បីខ្មែរចាស់មួយគ្រឿង ពុំមានស្លាកលេខ ដឹកបន្លែជាច្រើនមុខពេញលើរ៉ឺម៉ក បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីស្តុបបូកគោ មកកាន់ច្រមុះជ្រូកក្បាលថ្នល់ ទិសដៅពីជើងមកត្បូង ខណៈពេលមកដល់កន្លែងកើតហេតុ ស្តុបមុខវិទ្យាល័យបឹងត្របែក កែងផ្លូវ៤៨៤ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក PORSCHE ស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ 2Z-3006 បើកបរដោយបុរសបរទេសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៨៤ ទិសដៅពីកើតមកលិច បានបើកឆ្លងកាត់ទទឹងផ្លូវព្រះមុនីវង្ស បំណងឆ្លងដើម្បីធ្វើដំណើរតាមផ្លូវព្រះមុនីវង្សវិញពីត្បូងទៅជើង តែខណៈពេលកំពុងបើកឆ្លងបានពាក់កណ្ដាលផ្លូវ ក៏ត្រូវបានរ៉ឺម៉កកង់បីដឹកបន្លែខាងលើ ចាប់ហ្រ្វាំងមិនទាន់ ព្រោះរថយន្តបើកឆ្លងកាត់ទទឹងផ្លូវ លឿនស្លេវ ទើបបុកជាមួយរ៉ឺម៉កដឹកបន្លែនោះតែម្ដង។
ប្រភពបន្តថា នៅពេលកើតហេតុ គាត់ក៏មិនបានដឹងថា ភ្លើងស្តុបចរាចរណ៍ អតិភាពខាងណានោះទេ គ្រាន់តែលឺសូវប្រ៉ាវ គាត់ងើបទៅមើល ឃើញបុកគ្នាកណ្ដាលផ្លូវនោះទៅហើយ ដោយមិនដឹងខាងណាខុសឬត្រូវឡើយ ភាគីទាំងសងខាងដោះស្រាយគ្នាមិនត្រូវឡើយ ព្រោះភាគីខាងរថយន្តជាជនបរទេស និងភាគីខាងរ៉ឺម៉កកង់បីខ្មែរជាជនជាតិខ្មែរ ទើបមិនដឹងថាដោះស្រាយបែបណា ហើយភាគីទាំងសងខាងក៏បានយករថយន្តនិងរ៉ឺម៉កអែបខាងរៀងខ្លួនសិន ដោយបុរសម្ចាស់រ៉ឺម៉កក៏បានដើរចេញពីកន្លែងកើតហេតុបាត់ទៅ ដោយគាត់ស្មានតែដើរទៅរកសមត្ថកិច្ច។
បន្ទាប់ពីរង់ចាំមិនឃើញត្រឡប់មកវិញ ជនបរទេសជាម្ចាស់រថយន្ត PORSCHE ស៊េរីទំនើបខាងលើ បានទូរស័ព្ទហៅមិត្តភក្កិម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាកFORTUNER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BE-8762 បើកបរដោយបុរសបរទេសម្នាក់ បានមកមកឈប់ពីក្រោយ រ៉ឺម៉ក រួចដើរទៅជញ្ជូនបន្លែដែលពីលើរ៉ឺម៉កកង់បីខ្មែរដឹកបន្លែនោះ យកដាក់លើរថយន្ត FORTUNER ទាល់តែអស់ពីលើរ៉ឺម៉ក តែពេលឃើញ អ្នកសារព័ត៌មានយើងចុះទៅថត បុរសបរទេសម្ចាស់រថយន្ត PORSCHE បានដើរមកថតរូប និងថតកាតអ្នកយកព័ត៌មានយើង តែអ្នកយកព័ត៌មានយើងមិនព្រមអោយថតកាត ទើបបុរសបរទេសនោះប្រាប់អោយមិត្តភ័ក្ត ជញ្ជូនបន្លែដាក់រថយន្តរហូតទាល់តែអស់ពីលើរ៉ឺម៉ក ហើយបម្រុងក្រឡាប់រ៉ឺម៉កទៀត តែលើកមិនរួចក៏ឡើងបើករថយន្តចេញពីកន្លែងកើតហេតុបាត់ទៅ មុនសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវចុះមកដល់។
បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកដល់នៅសល់តែរ៉ឺម៉កកង់បីខ្មែរមួយគ្រឿង នៅកន្លែងកើតហេតុ និងបានសួរនាំ អ្នកឃើញហេតុការណ៍ រួចយករ៉ឺម៉កទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំ ម្ចាស់រ៉ឺម៉ក មកដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ រកអ្នកបើករថយន្តទាំងនោះ មកដោះស្រាយគ្នាយ៉ាងណានៅពេលក្រោយ ៕













ដោយ៖ បងម៉េង ខ្មែរណូត