ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនសម្រេចបិទច្រកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិជាថ្មី ក្រោយរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ប្រចាំថ្ងៃថ្មីច្រើនបំផុតមិនធ្លាប់មាន

    BY Pheakdey March 17, 2021
    ហ្វីលីពីនសម្រេចបិទច្រកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិជាថ្មី ក្រោយរកឃើញករណីអ្នកឆ្លងជំងឺកូវីដ ១៩ប្រចាំថ្ងៃថ្មីច្រើនបំផុតមិនធ្លាប់មាន

    ហ្វីលីពីន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសហ្វីលីពីនបានសម្រេចបិទច្រកព្រំដែនសម្រាប់អ្នកដំណើរបរទេសជាថ្មីម្តងទៀតហើយ ក្រោយអាជ្ញាធរសុខាពិបាលហ្វីលីពីនបានរកឃើញចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មាននៅក្នុងរយៈពេល ៧ ខែចុងក្រោយនេះ។ ចំនួនអ្នកឆ្លងថ្មីដ៏ច្រើននោះគឺត្រូវបានអាជ្ញាធរសុខាភិបាលហ្វីលីពីនរកឃើញកាលពីថ្ងៃចន្ទ ទី ១៥ មីនា កន្លងទៅនេះ ដោយបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៥ ៤០៤ ករណីឯណោះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា ចំនួនអ្នកឆ្លងថ្មីនេះអាចនឹងកើនឡើងទ្វាដងនៅត្រឹមចុងខែមីនានេះ។

    ប្រភពខាងលើបន្តថា សេចក្តីប្រកាសអំពីការបិទច្រកព្រំដែនប្រទេសនេះត្រូវបានរដ្ឋាភិបាលហ្វីលីពីនធ្វើឡើងជាបន្ទាន់កាលយប់ថ្ងៃទី ១៦ មីនាម្សិលមិញ ហើយការអនុវត្តតាមសេចក្តីប្រកាសនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ២០ មីនានេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីពីសំណាក់ប្រមុខរដ្ឋាភិបាលហ្វីលីពីន។ យ៉ាងណាក្តី ពលរដ្ឋហ្វីលីពីនដែលកំពុងនៅក្រៅប្រទេសអាចត្រលប់មកប្រទេសកំណើតវិញបាន តែអាជ្ញាធរហ្វីលីពីនបានកំណត់ឲ្យមានចំនួនអ្នកដំណើរត្រឹមតែ ១ ៥០០ នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ​ខណៈជន​បរទេសគឺត្រូវហាមឃាត់ទាំងស្រុងតែម្តង។ បើតាមអាជ្ញាធរសុខាភិបាលហ្វីលីពីនបានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យតួលេខអ្នកឆ្លងថ្មីកើនឡើងយ៉ាងគំហុកដូចនេះក៏ព្រោះតែពលរដ្ឋហ្វីលីពីនហាក់ភ្លេចខ្លួនពីជំងឺមួយនេះ ហើយពួកគេមិនបានពាក់ម៉ាស់និងអនុវត្តតាមវិធានការអនាម័យឲ្យបានត្រឹមត្រូវនោះទេក្នុងមួយរយៈពេលចុងក្រោយនេះ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះហ្វីលីពីនមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៦៣១ ៣២០ ករណី និងស្លាប់សរុបចំនួន ១២ ៨៤៨ ករណី៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: