ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិបត្តិកូវីដ ១៩ កំពុងធ្វើឲ្យអត្រាអ្នកសម្លាប់ខ្លួននៅថៃកើនឡើង ខណៈពលរដ្ឋជាច្រើនផ្សេងទៀតកំពុងមានបញ្ហាផ្លូវចិត្ត

    BY Pheakdey March 18, 2021
    វិបត្តិកូវីដ ១៩ កំពុងធ្វើឲ្យអត្រាអ្នកសម្លាប់ខ្លួននៅថៃកើនឡើង ខណៈពលរដ្ឋជាច្រើនផ្សេងទៀតកំពុងមានបញ្ហាផ្លូវចិត្ត

    ថៃ៖ ប្រទេសជាច្រើននៅជុំវិញពិភពលោកសុទ្ធតែបានរងគ្រោះដោយវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ ខណៈប្រទេសមួយចំនួនបានទទួលរងនូវផលប៉ះពាល់ខ្លាំងរហូតធ្វើឲ្យមានការកត់សម្គាល់ជាពិសេសទៀតផង។ ជាក់ស្តែងសារព័ត៌មាន Channel News Asia បានចុះផ្សាយនូវរបាយការណ៍មួយដែលបង្ហាញថា វិបត្តិនៃជំងឺកូវីដ ១៩ កំពុងធ្វើឲ្យអត្រាសម្លាប់ខ្លួននៅក្នុងប្រទេសថៃកើនឡើងខ្ពស់ ខណៈពលរដ្ឋជាច្រើនផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាវិបត្តិផ្លូវចិត្ត។ ប្រភពខាងលើបានបញ្ជាក់ថា តាមការពិតថៃគឺជាប្រទេសមួយដែលមានអត្រាអ្នកសម្លាប់ខ្លួនខ្ពស់ស្រាប់ទៅហើយតាំងពីមុនមានវិបត្តិនៃជំងឺកូវីដ ១៩ ម្លេះបើធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី ហើយបន្ថែមដោយវិបត្តិនៃជំងឺកូវីដ ១៩ មួយទៀតនោះគឺវាបានធ្វើឲ្យតួលេខអ្នកធ្វើអត្តឃាតនៅក្នុងប្រទេសថៃកើនឡើងខ្ពស់គួរឲ្យគត់សម្គាល់តែម្តង។

    តាមរយៈរបាយការណ៍បានបង្ហាញថាក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ កន្លងទៅនេះថៃមានអ្នកសម្លាប់ខ្លួនចំនួន ២ ៥៥១ ករណី ដែលជាតួលេខកើនឡើង ២២% បើធៀបទៅនឹងតួលេខក្នុងឆ្នាំ ២០១៩។ ការសិក្សាមួយដោយផ្អែកទៅទិន្នន័យរបស់នាយកដ្ឋានសុខភាពផ្លូវចិត្តថៃដែលជាស្ថាប័នផ្តល់សេវាប្រឹក្សាយោបល់តាមប្រព័ន្ធទូរស័ព្ទនោះបានបង្ហាញថា​ គិតជាមធ្យមនៅទូទាំងប្រទេសថៃគឺមានការប៉ុនប៉ងសម្លាប់ខ្លួន ១ ករណីនៅរៀងរាល់រយៈពេល ១០ នាទី។ ក្រុមអ្នកជំនាញបានមើលឃើញថា មានកត្តាធំៗចំនួន ២ ដែលធ្វើជំរុញឲ្យពលរដ្ឋថៃធ្វើអត្តឃាតដោយកត្តាទី ១ គឺពួកគេបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយមួយទៀតគឺវប្បធម៌នៃធ្វើអត្តឃាតបានក្លាយជាផ្នត់គំនិតដ៏ជ្រៅមួយក្នុងខ្លួនពលរដ្ឋថៃមួយចំនួនស្រាប់ទៅហើយដែលកត្តានេះបានធ្វើឲ្យពួកគេងាយនឹងសម្រេចចិត្តធ្វើអត្តឃាតណាស់។ គួរបញ្ជាក់ជូនថា វិបត្តិនៃជំងឺកូវីដ ១៩ បានធ្វើឲ្យពលរដ្ឋថៃជាច្រើននាក់ត្រូវបាត់បង់ការងារហើយពលរដ្ឋរងគ្រោះទាំងនោះមានដូចជា ក្រុមអ្នកធ្វើការនិងរកស៊ីដោយពឹងផ្អែកលើវិស័យទេសចរណ៍ ក្រុមស្រ្តីធ្វើការក្នុងសេវាកំសាន្ត និងក្រុមពលករជាដើម៕



    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: