ទុក្ខជាន់ទុក្ខ! ឆេះមន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ១៩ នៅប្រទេសបង់ក្លាដែស បណ្តាលឲ្យអ្នកជំងឺកូវីដចំនួន០៣នាក់បាត់បង់ជីវិត
បង់ក្លាដែស៖ យោងតាមសារព័ត៌មាន Straits Times បានឲ្យដឹងថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៣ នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដែសកាលពីថ្ងៃពុធ ទី ១៧ មីនាកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលដែលមានអគ្គិភ័យឆាបឆេះនោះគឺជនរងគ្រោះកំពុងតែសម្រាកនៅលើគ្រែពេទ្យដោយមានការបញ្ចូលខ្យល់អ៊ុកស៊ីសែនផង ទើបពួកគាត់មិនអាចរត់គេចខ្លួនបានទាន់ពេលវេលា។

រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងពីមូលហេតុដែលបង្កឲ្យមានភ្លើងឆេះនេះទេ ហើយទំហំនៃការខូចខាតដោយអគ្គិភ័យក៏នៅមិនទាន់អាចវាយតម្លៃបានដែរ។ បើតាមអាជ្ញាធរបង់ក្លេដែសបានបញ្ជាក់ថា មន្ទីរពេទ្យដែលជាកន្លែងកើតហេតុនោះមានផ្ទុកអ្នកជំងឺកូវីដ ១៩ ជាច្រើនរយនាក់ ដូចនេះហើយគេមានក្តីបារម្ភមួយថា នៅពេលមនុស្សក្នុងមន្ទីរទាំងអស់បានសម្រុករត់គេចពីអគ្គិភ័យនោះ អាចមានការចម្លងជំងឺកូវីដ ១៩ ពីអ្នកជំងឺទៅកាន់ក្រុមបុគ្គលិកនៅក្នុងមន្ទីរពេទ្យផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Straits Times