បារាំងសម្រេចបិទទីក្រុងបារីសជាថ្មីដើម្បីទប់ស្កាត់រលកទី ៣ នៃការរាតត្បាតជំងឺកូវីដ ១៩ និងរកឃើញកូវីដ ១៩ បំប្លែងខ្លួនថ្មីមួយទៀតផងដែរ
បារាំង៖ យោងតាមសារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសបារាំងនឹងធ្វើការបិទទីក្រុងបារីសជាថ្មីម្តងទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលជារលកទី ៣ នៃការរាតត្បាតនៅក្នុងសហគមន៍។ ប្រភពខាងលើបានបន្តថា វិធានការបិទខ្ចប់ទីក្រុងបារីសនឹងចាប់ផ្តើមអនុវត្តចាប់ពីយប់ថ្ងៃសុក្រនេះតទៅនិងមានរយៈពេលពេញមួយខែ ហើយក្នុងនោះមានតំបន់ធំៗចំនួន ១៥ នៅក្នុងទីក្រុងត្រូវស្ថិតក្រោមការតាមដានពីសំណាក់អាជ្ញាធរជាពិសេសផងដែរ។

យ៉ាងណាក្តី បើតាមលោក Jean Castex នាយរដ្ឋមន្ត្រីនៃប្រទេសបារាំងបានបញ្ជាក់ថា វិធានការបិទខ្ចប់ទីក្រុងលើកនេះមិនមានលក្ខណៈតឹងរឹងដូចការបិទលើកមុនឡើយ ដោយលើកនេះអាជ្ញាធរនឹងអនុញ្ញាតឲ្យពលរដ្ឋអាចចេញមកហាត់ប្រាណនៅខាងក្រៅផ្ទះបាន តែពួកគេត្រូវតែពាក់ម៉ាស់និងរក្សាគំលាតសង្គមឲ្យបានខ្ជាប់ខ្ជួន។ សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអាជ្ញាធរសុខាភិបាលបារាំងបានរកឃើញអ្នកជំងឺកូវី ១៩ ថ្មីរហូតដល់ជាង ៣៥ ០០០ ករណីឯណោះ ហើយក្នុងនោះក៏មានការឆ្លងនូវជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC