ប្រធានកីឡាអូឡាំពិកនៅប្រទេសជប៉ុនមួយរូបបានលាឈប់ពីតំណែង បន្ទាប់ពីគាត់ជ្រុលមាត់និយាយបង្អាប់ស្រ្តីម្នាក់ថាធាត់ដូចជ្រូក
ជប៉ុន៖ ប្រធានដឹកនាំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅក្នុងប្រទេសជប៉ុនមួយរូបបានសម្រេចលាឈប់ពីតំណែង បន្ទាប់ពីលោកបាននិយាយបង្អាប់ស្រ្តីជាអ្នកកំប្លែងដែលមានមាឌធំម្នាក់ដោយបានប្រដូចស្រ្តីរូបនោះទៅនឹងសត្វជ្រូក។ ប្រធានកីឡាអូឡាំពិករូបនេះមានឈ្មោះថា Hiroshi Sasaki អាយុ ៦៦ ឆ្នាំ ហើយស្ត្រីជាអ្នកកំប្លែងដែលត្រូវបានគាត់និយាយបង្អាប់នោះមានឈ្មោះថា Naomi Watanabe និងមានអាយុ ៣៣ ឆ្នាំ។ តាមគម្រោងស្ត្រីជាអ្នកកំប្លែងរូបនេះក៏ត្រូវបានអញ្ជើញឲ្យមកសម្តែងនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកដែរ ដោយការសម្តែងរបស់គាត់នោះត្រូវឆ្លងកាត់ការពិនិត្យពីសំណាក់ប្រធានកីឡាជាមុនសិនផងដែរ។ ពេលនោះហើយដែលលោក Hiroshi Sasaki បានសរសេរនៅក្នុង Chat ថា អ្នកនាង Naomi Watanabe អាចពាក់ត្រចៀកដូចជាសត្វជ្រូកបាន ហើយវានឹងក្លាយជាព្រឹត្តិការណ៍កីឡាជ្រូក (Olympig) តែម្តង។

លោក Hiroshi Sasaki
ពាក្យសំដីនេះត្រូវបានក្រុមអ្នកសារព័ត៌មានជប៉ុនយកទៅផ្សាយយ៉ាងព្រោងព្រាតនិងរិះគន់លោក Hiroshi Sasaki ថា បានប្រើពាក្យមិនសមរម្យនិងមានលក្ខណៈមើលងាយស្រី្តជាអ្នកកំប្លែងយ៉ាងខ្លាំង ហើយបន្ទាប់ពីមានការរិះគន់នេះ លោក Hiroshi Sasaki ក៏បានធ្វើការសុំទោសជាសាធារណៈផងដែរនិងចុងក្រោយនេះគាត់ក៏បានសូមលាឈប់ពីការងាតែម្តង។ សូមបញ្ជាក់ថា តាមគម្រោងជប៉ុនត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២០ តែព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្រ្តមួយនេះត្រូវបានលើកពេលជាច្រើនដងព្រោះតែវិបត្តិនៃជំងឺកូវីដ ១៩ ហើយរហូតមកទល់នឹងពេលនេះគេនៅតែមិនទាន់អាចកំណត់ពេលវេលានៃការចាប់ផ្តើមព្រឹត្តិការណ៍កីឡានេះបាននៅឡើយទេ៕

អ្នកនាង Naomi Watanabe
អត្ថបទ៖ ភក្តី
ប្រភព៖ Next Shark