ប៉ូលិសឥណ្ឌូនេស៊ីម្នាក់ដែលគេធ្លាប់ប្រកាសថា បាត់បង់ជីវិត ដោយសាររលកយក្សស៊ូណាមិកាលពីឆ្នាំ ២០០៤ ស្រាប់តែពេលនេះគេប្រទះឃើញគាត់នៅរស់នៅឡើយ តែគាត់ស្ថានក្នុងសភាពបែបនេះ
ឥណ្ឌូនេស៊ី៖ ប៉ូលិសជនជាតិឥណ្ឌូនេស៊ីម្នាក់ដែលត្រូវបានគេប្រកាសថា រូបគាត់បានស្លាប់បាត់បង់ជីវិតក្នុងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០០៤ កន្លងទៅនោះ ស្រាប់តែពេលនេះគេបានប្រទះឃើញគាត់នៅមានជីវិតនៅឡើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសឥណ្ឌូនេស៊ីរូបនេះមានឈ្មោះ Abrip Asep ហើយកាលពី ១៧ ឆ្នាំមុននោះ ពោលគឺនៅថ្ងៃដែលឥណ្ឌូនេស៊ីត្រូវរងនូវការវាយប្រហារដោយរលកយក្សស៊ូណាមិយ៉ាងធ្ងន់ធ្ងរនោះ គឺរូបគាត់កំពុងតែបំពេញភារកិច្ចនៅតាមមាត់សមុទ្រក្នុងនាមជាប៉ូលិសមួយរូប។ ក្រោយកើតមានគ្រោះធម្មជាតិមួយនេះគេមិនបានឃើញលោក Abrip Asep ទាល់តែសោះ ខណៈអាជ្ញាធរបានប្រកាសថា រូបគាត់ជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះជាង ២៣០ ០០០ នាក់ផ្សេងទៀតដែលបានស្លាប់បាត់បង់ជីវិត។

យ៉ាងណាក្តី កាលពីពេលថ្មីៗក្រុមគ្រួសាររបស់លោក Abrip Asep មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញគាត់នៅមានជីវិតនៅឡើយដោយរូបគាត់កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យវិកលចរិតមួយកន្លែង។ ខាងមន្ទីរពេទ្យបានឲ្យដឹងថា លោក Abrip Asep បានរងរបួសក្បាលយ៉ាងខ្លាំងរហូតធ្វើឲ្យគាត់ក្លាយជាមនុស្សវិកលចរិក ហើយគេក៏មិនអាចសាកសួរអំពីប្រវត្តិនិងអាសយដ្ឋានគ្រួសារគាត់បានដែរ ដូចនេះហើយទើបគាត់ត្រូវរស់នៅក្នុងមន្ទីរពេទ្យរហូតមកដោយគ្មានសាច់ញាតិណាទទួលដំណឹងពីគាត់ឡើយក្នុងរយៈពេល ១៧ឆ្នាំមកនេះ។ ពេលនេះលោក Abrip Asep បានត្របល់ទៅរស់នៅជាមួយគ្រួសារវិញហើយ ខណៈបញ្ហាខួរក្បាលរបស់គាត់ក៏បានល្អប្រសើរឡើងវិញច្រើនហើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail