ច្បាស់ការហើយ! ថៃសម្រេចហាមមិនឲ្យមានការលេងបាញ់ទឹកដាក់គ្នានោះទេនៅក្នុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះ
ថៃ៖ កាលពីថ្ងៃសុក្រ ទី ១៩ មីនា ម្សិលមិញនេះអាជ្ញាធរថៃបានចេញសេចក្តីសម្រេចជាផ្លូវការហើយគឺហាមមិនឲ្យមានការលេងបាញ់ទឹកដាក់គ្នានោះទេនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃខាងមុខនេះ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ ១៩។ គួរបញ្ជាក់ជូនថា ការលេងបាញ់ទឹកឬជះទឹកដាក់គ្នាគឺជាសកម្មភាពកំសាន្តដ៏មានប្រជាប្រិយមួយនៅក្នុងពិធីបុណ្យសង្ក្រាន្តក្នុងប្រទេសថៃ ហើយនាកន្លងមកថៃត្រូវបានគេកត់សម្គាល់ថា ជាប្រទេសដែលមានការលេងបាញ់ទឹកដាក់គ្នាធំបំផុតនៅលើពិភពលោកផងដែរ។ យ៉ាងណាក្តី បុណ្យសង្ក្រាន្តឆ្នាំនេះនឹងគ្មានការលេងបាញ់ទឹកដាក់គ្នាតាមដងផ្លូវនោះទេ ហើយវាក៏ជាឆ្នាំទី ២ ផងដែរ ដែលពលរដ្ឋថៃនិងភ្ញៀវទេសចរណ៍អន្តរជាតិខកខានមិនបានធ្វើសកម្មភាពដ៏សប្បាយរីករាយនេះ។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្រៅតែហាមឃាត់មិនឲ្យពលរដ្ឋលេងបាញ់ទឹកដាក់គ្នា អាជ្ញាធរថៃក៏បានសម្រេចហាមឃាត់មិនពលរដ្ឋរៀបចំកម្មពិធីជប់លៀងឬការជួបជុំទ្រង់ទ្រាយធំផងដែរ។ យ៉ាងណាក្តី សកម្មភាពបែបប្រពៃណីមួយចំនួននឹងមិនត្រូវបានហាមឃាត់នោះទេ ដូចជាការយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ជួបនិងគោរពប្រតិបត្តិមនុស្សចាស់ ហើយការធ្វើដំណើរឆ្លងខេត្តដើម្បីទៅជួបសាច់ញាតិក៏ត្រូវបានអនុញ្ញាតផងដែរ។ សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២១ នេះថៃនឹងរៀបចំឲ្យមានថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យសង្ក្រាន្តរហូតដល់ទៅ ៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែមេសាខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍