យកលុយគេបានអត់មើលទៅ! ក្រុមហ៊ុនមួយហ៊ានឲ្យរង្វាន់ ២ ៤០០ដុល្លារចំពោះអ្នកដែលអាចតមអត់ប្រើទូរស័ព្ទនិងឧបករណ៍អេឡិចត្រូនិចបានពេញ ២៤ ម៉ោង
ខណៈដែលការប្រើប្រាស់ទូរស័ព្ទទំនើបសម្រាប់ឆែកមើលបណ្តាញសង្គម លេងហ្គេម និងធ្វើសកម្មភាពបែបកំសាន្តផ្សេងៗបានក្លាយជាទម្លាប់ប្រចាំថ្ងៃថ្មីមួយសម្រាប់មនុស្សនាពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាមេរិកមួយបានបង្កើតកម្មពិធីក្រកួតប្រជែងដ៏ចម្លែកមួយដោយក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ចំនួន ២ ៤០០ ដុល្លារសម្រាប់អ្នកណាដែលអាចតមអត់ប្រើប្រាស់ទូរស័ទ្ទបានដោយជោគជ័យក្នុងរយៈពេល ២៤ ម៉ោង។ ដើម្បីអាចចូលរួមក្នុងការប្រកួតប្រជែងនេះបាន ក្រុមហ៊ុនក៏បានកំណត់លក្ខខណ្ឌមួយចំនួនផងដែរ ដូចជាបេក្ខជនត្រូវតែយុវជនក្មេងៗដែលមានទម្លាប់ប្រើប្រាស់ទូរស័ព្ទនិងបច្ចេកវិទ្យាយ៉ាងសកម្មនាពេលកន្លង ហើយក្នុងរយៈ ២៤ ម៉ោងសម្រាប់ការប្រកួតប្រជែងនោះពួកគេនឹងត្រូវហាមមិនឲ្យប្រើប្រាស់ទូរស័ព្ទ វិទ្យុ កុំព្យូទ័រ នាឡិកាឆ្លាតវ័យ ឧបករណ៍បំពងសំឡេង និងឧបរកណ៍អេឡិចត្រូនិចផ្សេងទៀតគ្រប់ប្រភេទទាំងអស់ ពោលគឺពួកគេត្រូវតែនៅក្នុងបន្ទប់ដោយគ្មានការកំសាន្តអ្វីទាល់សោះពេញ ២៤ ម៉ោង ខណៈការប្រើប្រាស់ម៉ាស៊ីន Microwaves ដើម្បីចម្អិនអាហារញ៉ាំគឺត្រូវបានអនុញ្ញាត។

បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌខាងលើនេះរួចបេក្ខជនក៏តម្រូវឲ្យសរសេររៀបរាប់អំពីអារម្មណ៍ជាក់ស្តែងរបស់ពួកគេផងដែរ ហើយសម្រាប់អ្នកដែលមិនអាចទ្រាំនឹងភាពទំនេរនេះបានត្រឹមតែមួយនាទីឬពួកគេមានប្រតិកម្មអ្វីមួយខុសធម្មតាក៏ត្រូវចាត់ទុកថាចាញ់ការប្រកួតនេះផងដែរ។ សូមបញ្ជាក់ថា ក្រុមហ៊ុននឹងជ្រើសបេក្ខជនមួយចំនួនប៉ុណ្ណោះសម្រាប់ចូលរួមការប្រកួតប្រជែងនេះ ហើយអ្វីដែលក្រុមហ៊ុនចង់បានជាពិសេសនោះគឺគេចង់ស្ទង់មតិក្នុងចំណោមអ្នកញៀននឹងការប្រើប្រាស់ទូរស័ព្ទដើម្បីស្វែងយល់ថា តើពួកគេនឹងមានអារម្មណ៍យ៉ាងដូចម្តេច ឬមានប្រតិកម្មយ៉ាងដូចម្តេចខ្លះ ប្រសិនបើពួកគេត្រូវនៅឆ្ងាយពីឧបករណ៍អេឡិចត្រូនិចនិបច្ចេកវិទ្យាត្រឹមតែ ១ ថ្ងៃ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN