ម៉ាឡេស៊ីនឹងផ្តល់ប្រាក់រហូតដល់ជាង ១០ ម៉ឺនដុល្លារ បើសិនមានពលរដ្ឋណាម្នាក់ទទួលរងផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំងកូវីដ ១៩ រួច
ម៉ាឡេស៊ី៖ ខណៈដែលមានពលរដ្ឋជាច្រើននៅជុំវិញពិភពលោកកំពុងតែរង់ចាំឱកាសក្នុងការទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ នោះ មានប្រជាពលរដ្ឋមួយចំនួនតូចនៅតែមានអារម្មណ៍ស្ទាក់ស្ទើរចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំង ហើយជាលទ្ធផលគឺពួកគេសុខចិត្តនៅស្ងៀមមិនទៅចាក់វ៉ាក់សាំងនោះទេ បើទោះជាពួកគេស្ថិតនៅក្នុងជម្រើសអទិភាពត្រូវទទួលបានការចាក់វ៉ាក់សាំងមុនគេក៏ដោយ។ ដើម្បីបញ្ជាក់ថាវ៉ាក់សាំងកូវីដ ១៩ ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់នោះ ប្រមុខដឹកនាំនៃប្រទេសជាច្រើនបានសម្រេចចាក់វ៉ាក់សាំងនេះមុនគេ និងបន្ទាប់មកក៏បន្តដាក់ចេញនូវវិធានការលើកទឹកចិត្តជាច្រើនបន្ថែមទៀតផងដែរ។

ជាក់ស្តែងបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា រដ្ឋាភិបាលនៃម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ផ្តល់ប្រាក់យ៉ាងច្រើនជូនប្រជាពលរដ្ឋ ប្រសិនបើពួកគេទទួរងនូវផលប៉ះពាល់អវិជ្ជមានណាមួយក្រោយចាក់វ៉ាក់សាំងរួច។ គោលការណ៍នោះមានដូចជា៖
១៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផលប៉ះពាល់អវិជ្ជមានណាមួយនឹងទទួលបានប្រាក់ចំនួន ៥០ ០០០ រីងហ្គីត (១២ ១០៧ ដុល្លារអាមេរិក) ។
២៖ សម្រាប់អ្នកចាក់វ៉ាក់សាំងរួចហើយទទួលរងផល់ប៉ះធ្ងន់ធ្ងររហូតដល់ពិការនឹងទទួលបានប្រាក់ចំនួន ៥០០ ០០០ រីងហ្គីត (១២១ ០៧១ ដុល្លារអាមេរិក) ពីរដ្ឋាភិបាល។
សូមបញ្ជាក់ថា លក្ខខណ្ឌទាំង ២ ខាងលើនេះត្រូវបានអនុវត្តចំពោះពលរដ្ឋណាដែលបានចុះឈ្មោះចាក់វ៉ាក់សាំងត្រឹមជាមួយអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីតែប៉ុណ្ណោះ តែមិនអនុវត្តចំពោះអ្នកចាក់វ៉ាក់សាំងក្រៅផ្លូវការនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz