ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អង់គ្លេសគ្រោងចាក់វ៉ាក់សាំងកូវីដ ១៩ ចំពោះក្មេងៗមានអាយុក្រោម ១៨ ឆ្នាំនៅក្នុងខែសីហា ខាងមុននេះ

    BY Pheakdey March 24, 2021
    អង់គ្លេសគ្រោងចាក់វ៉ាក់សាំងកូវីដ ១៩ ចំពោះក្មេងៗមានអាយុក្រោម ១៨ ឆ្នាំនៅក្នុងខែសីហា ខាងមុននេះ

    អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹង ប្រទេសអង់គ្លេសគ្រោងនឹងផ្តើមធ្វើការចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋក្មេងៗដែលមានអាយុក្រោម ១៨ ឆ្នាំនៅក្នុងខែ សីហា ខាងមុខនេះហើយ ខណៈដែលវ៉ាក់សាំងនាពេលបច្ចុប្បន្ននេះគឺសម្រាប់ចាក់ជូនតែពលរដ្ឋមានអាយុលើសពី ១៨ ឆ្នាំ ប៉ុណ្ណោះ។

    ប្រភពខាងលើបានបន្តថា រហូតមកទល់នឹងពេលនេះសាកលវិទ្យាល័យ Oxford  កំពុងតែធ្វើការយ៉ាងសកម្មក្នុងការប្រមូលទិន្នន័យទាក់ទាក់ទងនឹងសុវត្ថិភាពក្នុងការចាក់វ៉ាក់សាំងជូនក្មេងដែលមានអាយុចាប់ពី ៦ ឆ្នាំរហូតដល់ ១៨ ឆ្នាំ ហើយការវាយតម្លៃនិងធ្វើសេចក្តីសម្រេចចុងក្រោយមួយនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែមិថុនានិងកក្កដា ហើយបើគ្មានអ្វីជាឧបសគ្គទេនោះគឺក្នុងខែសីហា អាជ្ញាធរសុខាភិបាលនៃប្រទេសអង់គ្លេសនឹងផ្តើមចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋវ័យក្មេងទាំងនេះតែម្តង។

    បើតាមការបញ្ជាក់របស់អាជ្ញាធរសុខាភិបាលអង់គ្លេសបានឲ្យដឹងថា ក្រុមពលរដ្ឋវ័យក្មេងដែលគេគ្រោងនឹងចាក់វ៉ាក់សាំងកូវីដ ១៩ ជូននោះគឺមានចំនួនប្រមាណជា ១១ លាននាក់នៅក្នុងដំណាក់កាលដំបូងនេះ ហើយវ៉ាក់សាំងដែលគេនឹងប្រើប្រាស់នោះគឺជាវ៉ាក់សាំង AstraZeneca ដែលជាផលិតផលរបស់ក្រុមហ៊ុនអង់គ្លេសផ្ទាល់តែម្តង។ គួរបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះគឺមានតែប្រទេសអ៊ីស្រាអ៊ែលមួយគត់ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋដែលមានអាយុ ១៦ និង ១៧ ឆ្នាំ ហើយប្រសិនបើអង់គ្លេសអាចសម្រេចបាននូវការចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុក្រោម ១៨ ឆ្នាំជាទូទៅនោះ វានឹងក្លាយជាដំណឹងល្អបំផុតសម្រាប់ក្មេងៗនៅទូទាំងពិភពលោកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Daily Mail

    Share This Post: