អ្នកវិទ្យាសាស្ត្រឥណ្ឌារកឃើញមេរោគកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីឈ្មោះ “Double Mutant” ដែលមានគ្រោះថ្នាក់ជាងមេរោគមុនៗទ្វេដង
ឥណ្ឌា៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃពុធ ទី ២៤ មីនា ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសឥណ្ឌាបានរកឃើញមេរោគនៃជំងឺកូវីដ ១៩ បម្លែងខ្លួនទម្រង់ថ្មីមួយប្រភេទទៀត ដែលមានលក្ខណៈកាចសាហាវជាងមេរោគមុនៗទ្វេដងឯណោះ។ ក្រុមអ្នកវិជ្ជាសាស្ត្រឥណ្ឌាបានដាក់ឈ្មោះក្រៅផ្លូវការឲ្យមេរោគថ្មីនោះថា “Double Mutant” ហើយវត្តមានរបស់មេរោគថ្មីនេះបានបន្ថែមក្តីកង្វល់មួយកម្រិតទៀតចំពោះអាជ្ញាធរសុខាភិបាលឥណ្ឌាផងដែរ ព្រោះតែវាអាចចម្លងបានលឿននិងផ្តល់គ្រោះថ្នាក់ខ្លាំងលើសពីការរំពឹងទុក។

បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា មេរោគជំងឺកូវីដ ១៩ “Double Mutant” ត្រូវបានរកឃើញនៅក្នុងសំណាកចំនួន ២០០ ដែលជាសំណាករបស់ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Maharashtra ហើយនៅក្នុងរដ្ឋមួយនេះមានក្រុងសេដ្ឋកិច្ចសំខាន់ៗជាច្រើនទៀតរបស់ឥណ្ឌារួមទាំងរដ្ឋធានីបុមបៃផងដែរ។ នៅក្នុងថ្ងៃទី ២៤ មីនា ដដែលនោះ ឥណ្ឌាក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមកផងដែរ ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ៤៧ ២៦២ ករណី ខណៈរហូតមកទល់នឹងពេលនេះឥណ្ឌាមានតួលេខអ្នកឆ្លងសរុបរហូតដល់ជាង ១១ លានករណី និងស្លាប់ជាង ១៦០ ០០០ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia