ព្រឹកមិញនេះកូរ៉េខាងជើងបានបាញ់មីស៊ីល ២ គ្រាប់បន្ថែមទៀតទៅកាន់តំបន់ដែនសមុទ្ររបស់ជប៉ុន
កូរ៉េខាងជើង៖ សារព័ត៌មាន South China Morning Post បាយរាយការណ៍ថា កាលពីព្រឹកព្រលឹមថ្ងៃ ព្រហសត្បិ៍ ទី ២៥ មីនា នេះ ប្រទេសកូរ៉េខាងជើងបានបន្តបាញ់មីស៊ីលចំនួន ២ បន្ថែមទៀត ខណៈកាលពីចុងសប្តាហ៍មុននេះកូរ៉េខាងជើងទើបនឹងបាញ់សាកល្បងមីស៊ីលចំនួន ២ គ្រាប់រួចទៅហើយ។ មីស៊ីល ២ គ្រាប់ដែលបានបាញ់កាលពីព្រឹកមិញនេះគឺបានបាញ់សំដៅទៅកាន់ដែនសមុទ្ររបស់ប្រទេសជប៉ុន ឬតាមធម្មតាគេច្រើនហៅថា តំបន់សមុទ្រខាងកើតកូរ៉េ។ បើទោះជាទីក្រុងព្យុងយ៉ាងមិនបានប្រាប់ឲ្យដឹងពីប្រភេទមីស៊ីលនោះក៏ដោយ តែបើយោងតាមលោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga បានឲ្យដឹងថា មីស៊ីលទាំង ២ គ្រាប់នោះទំនងជាមីស៊ីលបាលីស្ទីក ឬមីស៊ីលផ្លោងដែលអាចបាញ់ក្នុងចម្ងាយឆ្ងាយបាន។

ចំពោះហេតុផលនៃការបាញ់មីស៊ីលនេះវិញត្រូវបានក្រុមអ្នកវិភាគលើកឡើងថា គឺមិនមានអ្វីខុសប្លែកពីការបាញ់មីស៊ីលកាលពីចុងសប្តាហ៍ឡើយ ពោលគឺទីក្រុងព្យុងយ៉ាងចង់ស្វាគមន៍រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹងនាំរបស់លោក ប្រធានាធិបតី ចូ បៃឌិន។ សូមរម្លឹកជូនផងដែរ ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីក្រសួងការពារជាតិនិងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានបញ្ជើញទៅកាន់ប្រទេសកូរ៉េខាងត្បូងនិងប្រទេសជប៉ុនដើម្បីធ្វើការពិភាក្សាអំពីបញ្ហាសន្តិសុខនិងសុវត្ថិភាពនៅក្នុងតំបន់មួយចំនួនក្នុងប្រទេសទាំង ២ នេះ ដែលកន្លងមកតែងទទួលរងនូវការគំរាមគំហែងដោយគ្រាប់មីស៊ីលកូរ៉េខាងជើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post