ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃរំពឹងថាអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិខ្ទង់ ៤០ លាននាក់នៅត្រឹមឆ្នាំ ២០២៤ បើទោះជាវិបត្តិកូវីដ ១៩ មិនទាន់បិទបញ្ចប់ក្តី

    BY Pheakdey March 25, 2021
    ថៃរំពឹងថាអាចទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិខ្ទង់ ៤០ លាននាក់នៅត្រឹមឆ្នាំ ២០២៤ បើទោះជាវិបត្តិកូវីដ ១៩ មិនទាន់បិទបញ្ចប់ក្តី

    ថៃ៖ បើទោះជាវិបត្តិសកលនៃជំងឺកូវីដ ១៩ កំពុងតែក្លាយជាឧបសគ្គដ៏ធំមួយសម្រាប់ការធ្វើដំណើរជាលក្ខណៈអន្តរជាតិក៏ដោយក្តី តែប្រទេសថៃបានធ្វើការរំពឹងទុកយ៉ាងមុតមាំថា ថៃអាចនឹងទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជា ៤០ លាននាក់នៅត្រឹមឆ្នាំ ២០២៤ ខាងមុខនេះ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុថៃគឺលោក Arkhom Termpittayapaisith ក្នុងឱកាសដែលរូបលោកបានអញ្ជើញទៅចូលរួមសិក្ខាសាលាមួយដែលបានរៀបចំឡើងដោយគណៈកម្មការមូលបត្រនិងសន្តិសុខនៃប្រទេសថៃកាលពីពេលថ្មីៗនេះ។

    រដ្ឋមន្ត្រីរូបនេះបានព្យាករណ៍ថា ភ្ញៀវទេសចរណ៍អន្តរជាតិនឹងត្រលប់មកកាន់ប្រទេសថៃវិញបន្តិចម្តងៗ ហើយបន្តកើនឡើងខ្លាំងនៅក្នុងឆ្នាំ ២០២៣ ខណៈនៅក្នុងឆ្នាំ ២០២៤ គឺអ្វីៗនឹងល្អ​ប្រសើរខ្លាំងតែម្តង​។ គួររម្លឹកថា កាលពីឆ្នាំមុននេះបើទោះជាមានវិបត្តិកូវីដ ៩ ក្តី ក៏ថៃនៅតែអាចទទួលបានភ្ញៀវទេសចរណ៍អន្តជាតិប្រមាណជា ៦,៧ លាននាក់និងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃប្រមាណជា ៣០០ ពាន់លានបាត (ជាង ៩,៦ ពាន់លានដុល្លារអាមេរិក) ដែរ ។ សម្រាប់នៅក្នុងឆ្នាំ ២០១៩ មុនពេលផ្ទុះជំងឺកូវីដ ១៩ វិញ ថៃបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិរហូតដល់ទៅ ៤០ លាននាក់ ហើយអ្នកដំណើរដ៏ច្រើននេះបានជួយបង្កើតប្រាក់ចំណូលប្រមាណជា ២ លានលានបាត (ជាង ៦៤ ពាន់លានដុល្លារ) សម្រាប់ថៃផងដែរ។ សូមបញ្ជាក់ជូនថា វិស័យទេសចរណ៍អន្តរជាតិគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិថៃ ដោយវិស័យមួយបានបង្កើតប្រាក់ចំណូល ១២% នៃប្រាក់ចំណូលសរុបរបស់ប្រទេសថៃទាំងមូល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: