នាវាដឹកទំនិញខ្នាតយក្សមួយគ្រឿងជាប់គាំងនៅកណ្តាលផ្លូវទឹកសំខាន់ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលមានតម្លៃ ៤០០ លានដុល្លារក្នុងមួយម៉ោង
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា ការជាប់គាំងនាវាដឹកទំនិញខា្នតយក្យមួយគ្រឿងនៅឯព្រែកជីកស៊ុយអេ (Suez Canal) បានបណ្តាលឲ្យមានការប៉ះពាល់ចំពោះចរាចរណ៍ពាណិជ្ជកម្មអន្តរជាតិយ៉ាងខ្លាំង ពោលគឺបង្កឲ្យមានការខកខាននិងពន្យាពេលការដឹកជញ្ជូនទំនិញដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៩,៦ ពាន់លានដុល្លារក្នុងមួយថ្ងៃ ឬ ៤០០ លានដុល្លារក្នុងរយៈពេល ១ ម៉ោង។ គួរម្លឹកជូនថា ចាប់តាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះមានកប៉ាក់ដឹកទំនិញដ៏ធំបំផុតមួយរបស់ជប៉ុននិងបានជួលដំណើការដោយក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen Marine បានជាប់គាំងនៅពាក់កណ្តាលព្រែកជីកស៊ុយអេបន្ទាប់ពីមានខ្យល់បោកបក់ខ្លាំពេក ហើយកប៉ាក់មួយនេះមានប្រវែងបណ្តោយ ៤០០ ម៉ែត្រ និងទទឹង ៥៩ ម៉ែត្រ ឬមានទំហំស្មើនឹងតារាងបាល់ទាត់ចំនួន ៤ ឯណោះ។

កប៉ាល់បានជាប់គាំងនៅចំផ្លូវសំខាន់សម្រាប់ដឹកទំនិញចេញចូលរវាងទ្វីបអាស៊ីនិងអឺរ៉ុប ដែលតាមធម្មតានៅក្នុងមួយថ្ងៃៗផ្លូវទឹកមួយនេះមានកប៉ាល់ដឹកទំនិញប្រមាណជា ៥០ គ្រឿងត្រូវបើកឆ្លងកាត់ ហើយបើតាមការវាយតម្លៃគឺការដឹកជញ្ជូនតាមព្រែកជីកមួយនេះមានទំហំស្មើនឹង ១២% នៃចរន្តពាណិជ្ជកម្មពិភពលោកផងដែរ។ ក្រោយកប៉ាល់របស់ជប៉ុនមួយនេះបានជាប់គាំង កប៉ាល់ដឹកទំនិញផ្សេងៗទៀតក៏មិនអាចធ្វើដំណើរបានដែរ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារទំនិញមួយចំនួនរួមទាំងតម្លៃប្រេងឆៅនៅលើពិភពលោកត្រូវកើនឡើងប្រមាណជា ៦% ទៀតផងក្នុងរយៈពេលប៉ុន្មានថៃ្ងនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC