ផ្សារចុងសប្តាហ៍ដ៏ល្បីរបស់ថៃ Chatuchak នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការ ៦ ថ្ងៃក្នុងមួយសប្តាហ៍
ថៃ៖ ផ្សារដ៏ល្បីរបស់ថៃគឺផ្សារ Chatuchak ដែលកន្លងមកធ្លាប់តែបើកដំណើរការនៅចុងសប្តាហ៍នោះ ពេលនេះត្រូវបានអនុញ្ញាតឲ្យបើកដំណើរការរហូតដល់ ៦ ថ្ងៃក្នុងមួយសប្តាហ៍ ដោយសេចក្តីសម្រេចនេះនឹងផ្តើមអនុវត្តចាប់ពីពាក់កណ្តាលខែមេសានេះតទៅ។ គួររម្លឹកជូនថា ផ្សារ Chatuchak មានលក្ខណៈជាផ្សារទេសចរណ៍ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងបាងកក ហើយនាពេលកន្លងមកផ្សារមួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនឲ្យទៅដើរកំសាន្តនិងទិញទំនិញផ្សេងៗរៀងរាល់ចុងសប្តាហ៍។ យ៉ាងណាក្តី ចាប់តាំងពីមានវិបត្តិនៃជំងឺកូវីដ ១៩ មក ផ្សារ Chatuchak បានបាត់អតិថិជនរបស់ខ្លួនជាងពាក់កណ្តាល ហើយបញ្ហានេះបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់ក្រុមអាជីវកយ៉ាងខ្លាំងផងដែរ។

លោក Wullaya Wattanarat អនុលេខាធិការអចិន្ត្រៃយ៍ទីក្រុងបាងកក បានប្រាប់ឲ្យដឹងរយៈសារព័ត៌មាន បាងកកប៉ុស្តិ៍ ថា ការអនុញ្ញាតឲ្យផ្សារ Chatuchak បើកដំណើរការរហូតដល់ ៦ ថ្ងៃនេះគឺដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់ក្រុមអាជីវកប្រមាណជា ១០ ០០០ នាក់ ដែលបានបាត់បង់អតិថិជនយ៉ាងគំហុកចាប់តាំងពីមានវិបត្តិកូវីដ ១៩ មក។ លោកបានបន្តថា ការបើកឲ្យផ្សារ Chatuchak ដំណើរការ ៦ ថ្ងៃក្នុងមួយសប្តាហ៍នេះក៏ត្រូវធ្វើឡើងក្រោមលក្ខខណ្ឌមួយចំនួនផងដែរ ដូចជាចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ក្រុមអាជីវកអាចលក់ទំនិញរហូតដល់ម៉ោង ៦ ល្ងាច ហើយចាប់ពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យពួកគេអាចនៅលក់ទំនិញរហូតដល់ម៉ោង ១០ យប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍