ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ៊ីតាលីបើកឲ្យអ្នកដំណើរនៅតំបន់អឺរ៉ុបចូលមកកំសាន្តក្នុងពិធីបុណ្យ Easter Sunday ដោយតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៥ ថ្ងៃ

    BY Pheakdey March 31, 2021
    អ៊ីតាលីបើកឲ្យអ្នកដំណើរនៅតំបន់អឺរ៉ុបចូលមកកំសាន្តក្នុងពិធីបុណ្យ Easter Sunday ដោយតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែ ៥ ថ្ងៃ

    អ៊ីតាលី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន BBC បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសអ៊ីតាលីនឹងអនុវត្តវិធានការធ្វើចត្តាឡីស័កត្រឹមតែរយៈពេល ៥ ថ្ងៃ ចំពោះអ្នកដំណើរមកពីបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដែលមានបំណងចង់មកកំសាន្តនៅក្នុងប្រទេសខ្លួនក្នុងថ្ងៃឈប់សម្រាកខាងមុននេះ។ យ៉ាងណាក្តី អ្នកដំណើរទាំងនោះត្រូវតែបង្ហាញអំពីលទ្ធផលធ្វើតេស្តអវិជ្ជមានចំពោះជំងឺកូវីដ ១៩ ជាមុនសិន ទើបអាចធ្វើដំណើរចូលមកកាន់ប្រទេសអ៊ីតាលីបាន។ ប្រភពខាងលើបានបញ្ជាក់ថា វិធានការថ្មីរបស់អាជ្ញាធរអ៊ីតាលីនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីដើមសប្តាហ៍នេះតទៅរហូតដល់ពិធីបុណ្យ Easter Sunday ដែលជាពិធីបុណ្យមួយសម្រាប់អ្នកកាន់សាសនាកាតូលិក ហើយពិធីបុណ្យនេះនឹងត្រូវបា្ររព្ធធ្វើឡើងនៅក្នុងថ្ងៃទី ៤ ខែ មេសា ចុងសប្តាហ៍នេះផងដែរ។

    ការអនុវត្តវិធានការធ្វើចត្តាឡីស័កត្រឹមតែរយៈពេល ៥ ថ្ងៃរបស់អ៊ីតាលីនៅពេលនេះ ត្រូវបានធ្វើឡើងស្របពេលដែលគេបានមើលឃើញថា ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុបដូចជាប្រទេសអាឡឺម៉ង់ជាដើមកំពុងតែប្រឈមយ៉ាងខ្លាំងនឹងការរាតត្បាតជំងឺកូវីដ ១៩ ដែលជារលកទី ៣ ផងដែរ។ យ៉ាងណាក្តី អាជ្ញាធរអ៊ីតាលីបានបញ្ជាក់ថា ការបើកឲ្យមានភ្ញៀវទេសចរណ៍ចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនគឺជារឿងដ៏សំខាន់មួយសម្រាប់លើកកំពស់សេដ្ឋកិច្ច ហើយការដាក់ចេញវិធានការនេះគឺស្របពេលពលរដ្ឋមួយចំនួននៅតំបន់អឺរ៉ុបបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ​១៩ រួចហើយដែរ។ សូមបញ្ជាក់ថា អ៊ីតាលីគឺជាគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅតំបន់អឺរ៉ុប ហើយនាពេលកន្លងវិស័យទេសចរណ៍ក៏បានជួយបង្កើតចំណូលយ៉ាងច្រើនចំពោះអ៊ីតាលីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ BBC

    Share This Post: