ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បារាំងសម្រេចបិទប្រទេស ៣ សប្តាហ៍ ដើម្បីទប់ទល់នឹងរលកទី ៣ នៃជំងឺកូវីដ ១៩

    BY Pheakdey April 1, 2021
    បារាំងសម្រេចបិទប្រទេស ៣ សប្តាហ៍ ដើម្បីទប់ទល់នឹងរលកទី ៣ នៃជំងឺកូវីដ ១៩

    បារាំង៖ លោកប្រធានាធិបតិនៃប្រទេសបារាំង Emmanuel Macron បានប្រកាសបិទប្រទេសថ្នាក់ជាតិជាថ្មីម្តងទៀតកាលពីថ្ងៃ ពុធ ទី ៣១ មីនា ម្សិលមិញនេះ ដើម្បីឆ្លើយតបទៅនឹងរលកទី ៣ នៃជំងឺកូវីដ ១៩ ដែលកំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងសហគមន៍បារាំង។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ប្រទេសនេះគឺសាលារៀននៅទូទាំងប្រទេសនឹងត្រូវបិទទ្វាររយៈពេល ៣ សប្តាហ៍ភ្ជាប់ទៅនឹងថ្ងៃវិស្សមកាលរបស់សាលាដែលមានរយៈពេល ២ សប្តាហ៍ស្រាប់ ខណៈអាជីវកម្មនិងការជួបជុំដែលមិនចាំបាច់មួយចំនួនក៏ត្រូវបានហាមឃាត់ផងដែរ។

    លោកប្រធានាធិបតិបារាំង Emmanuel Macron 

    លោកប្រធានាធិបតីបារាំងបានបញ្ជាក់ថា បើរដ្ឋាភិបាលមិនសម្រេចចាត់វិធានការបន្ទាប់នៅពេលនេះទេគឺបារាំងនឹងមិនអាចគ្រប់គ្រងការរាតត្បាតជំងឺកូវីដ ១៩ បាននោះទេ ហើយអ្វីៗអាចនឹងអាក្រក់ជាងពេលនេះទៅទៀត។

    គួរបញ្ជាក់ជូនថា ការបិទខ្ទប់ប្រទេសថ្នាក់ជាតិដូចនេះបានធ្វើឲ្យបារាំងត្រូវខាតបង់សេដ្ឋកិច្ចយ៉ាងខ្លាំង ពោលបើតាមការសិក្សានាពេលកន្លងគឺនៅក្នុងអំឡុងពេលអនុវត្តវិធានការនេះបារាំងត្រូវខាតបង់សេដ្ឋកិច្ចប្រមាណជា ១២,៩៨ ពាន់លានដុល្លារនៅក្នុងមួយខែ។ ​យ៉ាងណាក្តី បារាំងត្រូវតែបង្ខំចិត្តជ្រើសរើសយកការខាតបង់សេដ្ឋកិច្ច ដើម្បីធានាបាននូ​វសុខភាពនិងសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្លួន ដោយមិនបណ្ដោយឲ្យពួកគេត្រូវស្លាប់ដោយជំងឺកូវីដ ១៩ នោះទេ។

    សូមបញ្ជាក់ជូនផងដែរថា នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅបារាំងបានកើតឡើងគួរឲ្យគត់សម្គាល់ដោយគិតជាមធ្យមគឺមានអ្នកឆ្លងថ្មីចំនួន ៤០ ០០០ ករណីនៅក្នុងមួយថ្ងៃ ខណៈរហូតមកទល់នឹងពេលនេះចំនួនអ្នកឆ្លងជំងឺសរុបបានកើតដល់ជាង ៤,៦ លានករណី និងស្លាប់ជាង ៩៥ ០០០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: