ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រឹមមួយថ្ងៃម្សិលមិញនេះ ហ្វីលីពីនរកឃើញឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ជាង ១៥ ០០០នាក់ និងបាត់បង់ជីវិត ១៧នាក់

    BY Pheakdey April 3, 2021
    ត្រឹមមួយថ្ងៃម្សិលមិញនេះ ហ្វីលីពីនរកឃើញឆ្លងជំងឺកូវីដ១៩ ច្រើនបំផុតមិនធ្លាប់មាន រហូតដល់ជាង ១៥ ០០០នាក់ និងបាត់បង់ជីវិត ១៧នាក់

    ហ្វីលីពីន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា នៅថ្ងៃសុក្រទី ២ ខែ មីនា ម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីដ៏ច្រើនបំផុតមិនធ្លាប់មាន ពោលគឺតួលេខអ្នកឆ្លងប្រចាំថ្ងៃបានកើនដល់ចំនួន ១៥ ៣១០ ករណី។ ក្រៅតែពីបានរកឃើញអ្នកឆ្លងថ្មីក្នុងចំនួនដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលហ្វីលីពីនក៏បានរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៧ ករណីផងដែរ។ តាមរយៈការរកឃើញអ្នកឆ្លងថ្មីនិងអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ដ៏ច្រើនក្នុងថ្ងៃតែមួយនេះ វាបានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសហ្វីលីពីននៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ ខណៈដែលប្រទេសមួយចំនួនហាក់អាចគ្រប់គ្រងជំងឺកូវីដ ១៩ បានហើយរហូតមកទល់នឹងពេលនេះ។

    សូមររម្លឹកថា ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៣ ផ្សេងទៀតដូចជា បង់ក្លាដែស កេនយ៉ា និងប៉ាគីស្ថាន ដែលស្ថិតទៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស ហើយចាប់ពីថ្ងៃទី ៩ ខែ មេសានេះតទៅគឺពលរដ្ឋរស់នៅក្នុងប្រទេសទាំង ៤ នេះត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសឡើយ ព្រោះគេគិតថាក្រុមពលរដ្ឋដែលស្ថិតក្នុងបញ្ជីក្រហមទាំងនេះមានហានិភ័យក្នុងការចម្លងជំងឺកូវីដ ១៩ ខ្ពស់ណាស់។ សូមបញ្ជាក់ជូនផងដែរថា គិតមកទល់នឹងពេលនេះហ្វីលីពីនបានរកឃើញអ្នកជំងឺកូវីដ ១៩ សរុបចំនួន ៧៧១ ៤៩៧ ករណី និងស្លាប់ ១៣ ៣២០​ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: