សូមចូលរួមសោកស្តាយ! ម្ចាស់ពានរង្វាន់ Nobel ពិភពលោកនិងជាអ្នកត្រួសត្រាយផ្លូវធ្វើបដិវត្តអំពូលភ្លើង LED បានលាចាកលោកហើយ
ជប៉ុន៖ សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ម្ចាស់ពានរង្វាន់ Nobel ពិភពលោកផ្នែករូបវិទ្យានិងជាអ្នកត្រួសត្រាយផ្លូវក្នុងការធ្វើបដិវត្តអំពូលភ្លើង LED ឲ្យពិភពលោកប្រើប្រាស់សព្វថ្ងៃនេះបានស្លាប់បាត់បង់ជីវិតហើយ ក្នុងជន្មាយុ ៩២ ឆ្នាំ ដោយសាកើតមានជំងឺរលាកសួត។ ម្ចាស់ពានរង្វាន់ Nobel ពិភពលោករូបនេះមានឈ្មោះថា Isamu Akasaki គឺជាជនជាតិជប៉ុន និងជាសាស្រ្តាចារ្យឆ្នើមមួយរូបប្រចាំនៅសាកលវិទ្យាល័យ Meijo ក្នុងប្រទេសជប៉ុនផងដែរ។ គេនៅចាំបានថា កាលពីឆ្នាំ ២០១៤ លោកសាស្រ្តាចារ្យ Isamu Akasaki រួមជាមួយនឹងអ្នកវិទ្យសាស្រ្ត ២ រូបផ្សេងទៀតបានទទួលពានរង្វាន់ Nobel ពិភពលោក ជាលើកដំបូង ចំពោះកិច្ចខិតខំប្រឹងប្រែងរករូបមន្តផ្សេងៗក្នុងការធ្វើបដិវត្តអំពូលភ្លើង LED និងកិច្ចការសំខាន់ជាច្រើនទៀតក្នុងផ្នែកវិទ្យាសាស្ត។

គួររម្លឹកថា អំពូលភ្លើង LED ជាប្រភេទអំពូលភ្លើងដែលអាចប្រើប្រាស់បានយូរ ហើយចំពោះការប្រើប្រាស់ថាមពលភ្លើងវិញ គឺអំពូលភ្លើងប្រភេទនេះស៊ីភ្លើងតិចតួចបំផុតបើធៀបទៅនឹងអំពូលភ្លើងធម្មតា។ ដូចនេះហើយការប្រើប្រាស់អំពូលភ្លើង LED បានក្លាយជាចំណែកដ៏សំខាន់មួយសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាកើនឡើងកំដៅនៅលើភពផែនដី ដែលជាបញ្ហារបស់ពិភពលោកទាំងមូលហើយបញ្ហាសលកមួយនេះក៏បានរួមចំណែកធ្វើឲ្យមានភាពក្រីក្រសម្រាប់ពលរដ្ឋមួយចំនួនផងដែរ។ សូមបញ្ជាក់ជូនថា ការពិតនៅអំពូលភ្លើងប្រភេទ LED ត្រូវបានគេឃើញយូរមកហើយ តែអំពូលភ្លើងជំនាន់ថ្មីក្រោមការត្រួសស្រាយធ្វើបដិវត្តរបស់លោក Isamu Akasaki គឺមានគុណភាពល្អប្រសើរជាងអំពូលភ្លើងជំនាន់មុនច្រើនខ្លាំងណាស់៕

អត្ថបទ៖ភក្តី
ប្រភព៖ Channel News Asia