ឥណ្ឌាសម្រេចបិទរដ្ឋដ៏សំខាន់មួយខណៈតួលេខអ្នកឆ្លងជំងឺកូវីដ ១៩ បានកើនជិតដល់ ១ សែនករណីក្នុងមួយថ្ងៃ
ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចបិទរដ្ឋដ៏សំខាន់មួយជាថ្មីម្តងទៀត ក្រោយចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងរដ្ឋមួយនេះបានកើតឡើងខ្ពស់គួរឲ្យកត់សម្គាល់ ពោលគឺមានចំនួនច្រើនជាងពាក់កណ្តាលនៃចំនួនអ្នកឆ្លងសរុបប្រចាំថ្ងៃនៅទូទាំងប្រទេស។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា រដ្ឋមួយនេះមានឈ្មោះថា Maharashtra ដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់និងជារដ្ឋមានបំផុតរបស់ឥណ្ឌា ហើយសូម្បីតែរដ្ឋធានីបុមបៃដែលជាបេះដូចនៃប្រទេសឥណ្ឌាក៏ស្ថិតនៅក្នុងរដ្ឋមួយនេះដែរ។ វិធានការដែលអាជ្ញាធរឥណ្ឌាបានដាក់ចេញចំពោះរដ្ឋ Maharashtra នៅពេលនេះគឺបិទរាល់សកម្មភាពអាជីវកម្មដែលមិនសូវចាំបាច់មួយចំនួនដូចជា ផ្សារទំនើប រោងកុន បារ ក្លឹបរាត្រី ភោជនីយដ្ឋាន និងកន្លែងកំសាន្តផ្សេងៗមួយចំនួនទៀត ដែលវិធានការនេះនឹងត្រូវអនុវត្តតែនៅចុងសប្តាហ៍និងអនុវត្តចាប់ពីសប្តាហ៍នេះ តទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

បើតាមប្រធានអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋ Maharashtra គឺលោក Nawab Malik បានបញ្ជាក់ថា បើស្ថានភាពរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងរដ្ឋ Maharashtra កាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀតនោះ គឺនៅត្រឹមចុងសប្តាហ៍នេះគេអាចនឹងសម្រេចបិទរដ្ឋមួយនេះទាំងស្រុងតែម្តង។ គួររម្លឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន ពោលគឺមានចំនួន ៩៣ ២៤៩ ករណី ក្នុងនោះមាន ៤៩ ៤៤៧ ករណី ឬ ស្មើនឹង ៥៧ % នៃចំនួនអ្នកឆ្លងសរុបបានរកឃើញនៅក្នុងរដ្ឋ Maharashtra ហើយគេក៏បានរកឃើញអ្នកស្លាប់ចំនួន ៤៧ នាក់ផងដែរ។ សូមបញ្ជាក់ផងដែរថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោក ដោយគិតត្រឹមពេលនេះឥណ្ឌាមានអ្នកឆ្លងសរុបជាង ១២ លាននាក់ និងស្លាប់ជាង ១៦០ ០០០ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia