អាជ្ញាធរម៉ាឡេស៊ីពិន័យភោជនីយដ្ឋានមួយកន្លែងជាង ១៣ ម៉ឺនដុល្លារ ដោយសារបំពានវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ លួចបើកឲ្យមនុស្សជាច្រើនចូលផឹកស៊ី ច្រៀងរាំ
ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ីបានចុះទៅផាកពិន័យទ្រង់ទ្រាយធំចំពោះភោជនីយដ្ឋានមួយកន្លែងដែលបានបើកដំណើរដោយមានលក្ខណៈផ្ទុយទៅនឹងបំរាមរបស់របស់អាជ្ញាធរសុខាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ ដោយការពិន័យនោះមានទំហំជាទឹកប្រាក់រហូតដល់ ៥៤៥ ០០០ រីងហ្គីត (១៣១ ៨៨២ ដុល្លារអាមេរិក) ឯណោះ។ ប្រភពខាងលើបញ្ជាក់ថា ភោជនីយដ្ឋានដែលត្រូវបានអាជ្ញាធរផាកពិន័យនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងកូឡាំឡាំពួរ ហើយបើទោះជាកន្លែងមួយនេះស្ថិតនៅក្រោមស្លាកយីហោជាភោជនីយដ្ឋានក៏ពិតមែន តែការរចនានិងបរិយាកាសនៅខាងក្នុងវិញគឺវាស្រដៀងទៅនឹងក្លឹបរាត្រីដែរ ហើយម្ចាស់ភោជនីយដ្ឋានថែមទាំងបានបំពាក់នូវឧបករណ៍ការពារមិនឲ្យមានសំឡេងតន្រី្តចេញមកក្រៅទៀតផង។

ក្នុងពេលចុះទៅបង្រ្កាបនោះអាជ្ញាធរបានឃាត់ខ្លួនអតិថិជនជាបុរសចំនួន ៦៨ នាក់ ស្ត្រី ៤១ នាក់ និងអ្នកបម្រើការងារនៅទីនោះចំនួន ៩ នាក់ផ្សេងដែរ ហើយពួកគេសុទ្ធតែបានបំពាននូវបំរាមរបស់អាជ្ញាធរដូចៗគ្នាគឺធ្វើការជួបជុំក្នុងចំណោមមនុស្សច្រើនដោយមិនរក្សាគម្លាតសង្គម និងនៅជួបជុំផឹកស៊ីលើសម៉ោងកំណត់របស់អាជ្ញាធរ។ សូមបញ្ជាក់ថា ទីទាំងមួយនេះធ្លាប់ត្រូវបានអាជ្ញាធរចុះទៅបង្រ្កាបជាច្រើនដងមកហើយនាពេលកន្លងមកទើបលើកនេះត្រូវពិន័យកម្រិតធ្ងន់ ហើយដោយបូកបញ្ជូលទាំងតម្លៃនៃផាកពិន័យរបស់បុគ្គលម្នាក់ៗទៀតនោះ ទើបធ្វើឲ្យតម្លៃនៃពិន័យសរុបនៅពេលនេះមានចំនួនរហូតដល់ជាង ១៣ ម៉ឺនដុល្លារ៕


អត្ថបទ៖ ភក្តី
ប្រភព៖ World of Buzz