ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសហ្វីលីពីនម្នាក់បានស្លាប់ក្រោយអាជ្ញាធរដាក់ទណ្ឌកម្មឲ្យអាហ្វង់ ៣០០ ដង ព្រោះតែគាត់បានបំពានបំរាមគោចររបស់រដ្ឋាភិបាល

    BY Pheakdey April 7, 2021
    បុរសហ្វីលីពីនម្នាក់បានស្លាប់ក្រោយអាជ្ញាធរដាក់ទណ្ឌកម្មឲ្យអាហ្វង់ ៣០០ ដង ព្រោះតែគាត់បានបំពានបំរាមគោចររបស់រដ្ឋាភិបាល

    ហ្វីលីពីន៖ បុរសហ្វីលីពីនម្នាក់ត្រូវបានសារព័ត៌មាន  Insider រាយការណ៍ថា បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីរូបគាត់ត្រូវបានអាជ្ញាធរហ្វីលីពីនដាក់ទណ្ឌកម្មឲ្យអាហ្វង់ចំនួន ៣០០ ដង ព្រោះតែគាត់បានធ្វើសកម្មភាពបំពាននឹងបំរាមគោចររបស់រដ្ឋាភិបាលដែលបានដាក់ចេញក្នុងគោលបំណងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩។ បុរសជាជនរងគ្រោះមានឈ្មោះថា Darren Manaog Penaredondo និងមានអាយុ ២៨ ឆ្នាំ រស់នៅក្នុងខេត្ត Cavite ភាគខាងត្បូងក្រុង Manila ហើយនៅក្នុងថ្ងៃកើតហេតុនោះរូបគាត់រួមជាមួយនិងមិត្តភក្តិផ្សេងទៀតបានចេញទៅទិញទឹកសុទ្ធញ៉ាំនិងបានត្រលប់មកវិញយឺតពេល ពោលគឺលើសពីម៉ោង ៦ ល្ងាច។ ពេលនោះអាជ្ញាធរបានសម្រេចដាក់ទណ្ឌកម្មឲ្យជនរងគ្រោះនិងមិត្តភក្តិគាត់អាហ្វង់ដំណាលគ្នាចំនួន ១០០ ដង ហើយបើអ្នកណាម្នាក់ក្នុងចំណោមពួកគេបោះបង់ការអាហ្វង់ត្រង់ចំណុចណាមួយមុនអាហ្វង់គ្រប់ចំនួន ១០០ នោះ គឺក្រុមទាំងមូលនឹងតម្រូវឲ្យអាហ្វក់សាដើមវិញ។

    ជាលទ្ធផលជនរងគ្រោះនិងមិត្តភក្តិបានចំណាយពេលយ៉ាងយូរទម្រាំតែអាចអាហ្វង់គ្រប់ចំនួន ហើយបើគិតជាមធ្យមម្នាក់ៗត្រូវអាហ្វង់ដល់ ៣០០ ដងឯណោះ។ បន្ទាប់ពីទទួលទណ្ឌកម្មរួចបុរសជាជនរងគ្រោះត្រូវបានមិត្តភក្តិជួយគ្រាយកទៅផ្ទះ ហើយគ្រាន់តែទៅផ្ទះភ្លាមគឺគាត់ទន់ជង្គង់ដួលស្តូកតែម្តង។ មិត្តស្រីរបស់ជនរងគ្រោះដែលរស់នៅក្នុងផ្ទះជាមួយគ្នាបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា នៅថ្ងៃបន្ទាប់មកទៀតបុរសជនរងគ្រោះក៏បានប្រកាច់ជាច្រើនដងនិងដាច់ខ្យល់ស្លាប់តែម្តង ហើយការស្លាប់នេះគឺប្រាកដណាស់បណ្តាលមកពីគាត់បានអាហ្វង់ច្រើនដងលើសកម្លាំងរបស់គាត់។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះអាជ្ញាធរសុខាភិបាលហ្វីលីពីនកំពុងពិនិត្យសាកសពដើម្បីឲ្យដឹងច្បាស់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ហើយក្នុងករណីដែលជនរងគ្រោះពិតជាបានស្លាប់ព្រោះតែការដាក់ទណ្ឌកម្មរបស់អាជ្ញាធរមែននោះ ខាងគ្រួសារជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងតវ៉ាតាមផ្លូវច្បាប់បានផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Insider

    Share This Post: